Wednesday, November 28, 2012

សន្ធិសញ្ញា និងច្បាប់នានាទាក់ទងនឹងប្រាសាទព្រះវិហារ






ការពិនិត្យ​ករណី​ប្រាសាទ​ព្រះវិហារ តំរូវ​ឲ្យ​ពោល​ដល់​សន្ធិសញ្ញា​ទាំងឡាយ​រវាង​បារាំង​-​សៀម​ដែលមាន​តៗ​មក​។​

​ប្រការ​សំខាន់​មួយ​ដែល​ត្រូវ​រំលឹក​ដល់​គឺ ពី​ឆ្នាំ ១៨៦៣ រហូតដល់​ឆ្នាំ ១៩៥៣ ប្រទេស​កម្ពុជា ជា​ប្រទេស​ស្ថិតក្រោម​អាណាព្យាបាល​បារាំង​ (​ក្រោយ​មក​ជា​អាណានិគម​) ក្នុង​ដែនដី​ឥណ្ឌូចិន​បារាំង ដែល​មាន​ហ្គូ​វែ​នើ ហ្សេ​ណេ​រ៉ាល​ (Gouverneur General = ​អគ្គទេសាភិបាល​) អាស្រ័យ​នៅ​ក្រុង​ហាណូយ​ជា​ប្រមុខ ។ តាម​របៀប​គ្រប់គ្រង​នៃ​ប្រ​​ទេស​អាណាព្យាបាល នយោបាយ​ក្រៅប្រទេស នៃ​ប្រទេស​កម្ពុជា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប្រទេស​បារាំង​ចាត់ចែង​យោងតាម​ សន្ធិសញ្ញា​អាណា​ព្យាបាល​បារាំង​-​ខ្មែរ ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ។​
​ដូច្នេះ​បារាំង​មាន​កាតព្វកិច្ច​ទាក់ទង​ជាមួយ​ប្រ​ទេស​សៀម (​ប្រទេស​ថៃ​សព្វថ្ងៃ​) ជា​ប្រទេស​មាន​​ព្រំប្រទល់​ ​ដែន​ជាប់គ្នា នឹង​ដែន​ដី​ឥណ្ឌូចិន​របស់​បារាំង ដែល​មាន​ប្រទេស​កម្ពុជា​នៅក្នុង​នោះ​ដែរ ។ ​នៅក្នុង​ការទាក់ទង​នោះ បារាំង​-​សៀម​បាន​បង្កើតឲ្យមាន​សន្ធិសញ្ញា​, អនុសញ្ញា​, និង​កិច្ចព្រមព្រៀង​មួយចំនួន​តាម​ច្បាប់​អន្តរជាតិ​ ។​
១. សិន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី ១៥ សីហា ១៨៥៦
​ ​(​សន្ធិសញ្ញា​ខាង​ពាណិជ្ជកម្ម រវាង​​ប្រទេស​​បារាំង​នឹង​ប្រទេស​សៀម​) ។​
២. សន្ធិសញ្ញា​ចុះ​ថ្ងៃទី ១៥ កក្កដា ១៨៦៧
​ប្រទេស​សៀម​ទទួលស្គាល់​អាណា​ព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ។​
​ប្រទេស​បារាំង​ព្រម​ប្រគល់​ខេត្ត​ទាំង​ពីរ គឺ​បាត់ដំបង នឹង​សៀមរាប​ឲ្យទៅ​ប្រទេ​សសៀម ។​
​ខ្លឹមសារ​សំខាន់​នៃ​សន្ធិសញ្ញា​រួមមាន​៖
​​មាត្រា ១៖ ព្រះរាជា​សៀម​ទទួលស្គាល់​ជា​ឱឡារិក នូវ​របប​អាណាព្យាបាល​របស់​ព្រះ​ចៅ​អធិរាជ​បារាំង​លើ​ប្រទេស​កម្ពុជា​។​
មាត្រា ២៖ សន្ធិសញ្ញា​ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ខែ​ធ្នូ ១៨៦៣ រវាង​ព្រះរាជាណាចក្រ​សៀម និង ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ប្រកាស​ជា​មោឃៈ​ដោយ​រដ្ឋាភិបាល​សៀម​មិន​អាច​លើកយក​មក​សំអាង នៅពេល​អនាគត ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​
​​មាត្រា ៣៖ ព្រះរាជា​សៀម​លែង​ទទួល​រាល់​សួយ​សា​អាករ វត្ថុ​អនុស្សាវរីយ៍ ឬ​សញ្ញា​ផ្សេងទៀត នៃ​ភាព​ជា​ចំណុះ ពី​សំណាក់​ប្រទេស​កម្ពុជា សម្រាប់​ព្រះអង្គ ឬ​អ្នក​ស្នងរាជ្យ​នានា​របស់​ព្រះអង្គ​។ ចំណែក​ព្រះ​ចៅ​អធិរាជ​បារាំង​វិញ​សន្យាថា​នឹង​មិន​ដណ្តើម​យក​រាជាណាចក្រ​នេះ ទៅ​បញ្ចូល​ក្នុង​ទឹកដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន ​នៅ​កូសាំងស៊ីន​ឡើយ​។​
មាត្រា ៤៖ ខេត្ត​បាត់ដំបង (​ណា​ក្លាវ​) និង​អង្គរ (​សៀមរាប​) នឹង​ស្ថិត​នៅក្នុង​រាជាណាចក្រ​សៀម​។ ព្រំប្រទល់​នៃ​ខេត្ត​នេះ ​ ​និង​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ជាប់​អាណាខេត្ត​សៀម ដែល​សព្វថ្ងៃនេះ​មាន​ការទទួលស្គាល់​ទៅវិញទៅមក​នោះ នឹង​ត្រូវ​កំណត់​ដោយ​បង្គោល​ព្រំដែន ឬ ​ដោយ​សញ្ញា​ផ្សេងៗ​ទៀត នៅ​ពេល​ឆាប់ៗ ដោយ​គណៈកម្មការ​មួយ​មាន​សមាសភាព នាយទាហាន​សៀម និង​ខ្មែរ ដោយ​មាន​វត្តមាន ​និង​ជំនួយ​ពី​នាយទាហាន​បារាំង ដែល​ចាត់តាំង​ដោយ​ទេសាភិបាល​កូសាំងស៊ីន​។​នៅពេលណា​ដែល​មាន​ការកំណត់​ព្រំដែន ​រួចហើយនោះ ​ផែនទី​ជាក់លាក់​មួយ​នឹង​ត្រូវ​គូរ​ដោយ​នាយទាហាន​បារាំង​។​
៣. សន្ធិសញ្ញា​ចុះ​ថ្ងៃទី ៣ តុលា ១៨៩៣
​ប្រទេស​សៀម​ឈប់​កួច​កាន់​ប្រាថ្នា ចង់បាន​ទី​ដី​ទាំងអស់ ដែល​ស្ថិត​លើ​ត្រើយ​ខាងឆ្វេង នៃ​ទន្លេ​មេគង្គ និង​លើ​ ​កោះ​ទាំងឡាយ​នៃ​ទន្លេ​នោះ ។ ប្រទេស​សៀម​សន្យា​មិន​ដាក់​កងកំលាំង​ទ័ព​អ្វីមួយ នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប​ ​ឡើយ ។​
​៤. អនុសញ្ញា​ចុះ​ថ្ងៃទី ១៣ កុម្ភៈ ១៩០៤
នេះ​ជា​អត្ថបទ​ប្រកប​ដោយ​សារៈ ។ អត្ថបទ​នេះ​មាន​វត្ថុបំណង​ជាអាទិ៍ ដើម្បី​បញ្ជាក់​នូវ​បន្ទាត់ ដ៏​ត្រឹមត្រូវ​ពិត​ ​ប្រាកដ​នៃ​ព្រំប្រទល់​ដែន រវាង​ប្រទេស​សៀម នឹង​ប្រទេស​កម្ពុជា​។ តាម​អនុសញ្ញា​នេះ សៀម​ត្រូវប្រគល់​ខេត្ត​ម្លូព្រៃ និង ទន្លេរ​ពៅ ដែល​ស្ថិតនៅ​ត្រើយ​ខាងលិច នៃ​ទន្លេ​មេគង្គ មក​ឱ្យ​កម្ពុជា​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះវិហារ នៅក្នុង​នោះ​។​
​ប្រការ​ទី ១ នៃ​អនុសញ្ញា​នេះ​ជា​កម្មវត្ថុ​ពិសេស ។​
-​ប្រការ​ទី ១ ៖ ព្រំប្រទល់​ដែន រវាង​ប្រទេស​សៀម នឹង​ប្រទេស​កម្ពុជា ប្រព្រឹត្តទៅ​តាម​ត្រើយ​ខាងឆ្វេង នៃ​ទន្លេ​ ​ ​ ​សាប ពី​មាត់ពាម​ស្ទឹង​រលួស​ទៅ ព្រំប្រទល់​ដែន​នេះ​ប្រព្រឹត្ត​ទៅ​ស្របគ្នា​នឹង​ចំណុច​ខាងលើ ទៅ​ទិស​ខាងកើត​រហូតដល់​ ​ ​ ​ស្ទឹង​ព្រែក​កំពង់ចាម រួច​ងាក​ទៅ​ខាងជើង​ប៉ះ​នឹង​ខ្សែ​វណ្ឌ​ចំណុច​ខាងលើ​ឡើង រហូត​ដល់​ជួរ​ភ្នំ​ដងរែក ។ ពី​ទី​នេះ​ទៅ​ព្រំ​ ​ ​ ​ប្រទល់​ដែន ប្រព្រឹត្ត​តាម​បន្ទាត់​បែងចែក​ទឹក រវាង​ទន្លេ ណាំ​សេន និង​ទន្លេ​មេគង្គ​មួយផ្នែក និង​ទន្លេ ណាំ​មួន​មួយផ្នែក​ ​ ​ ​ហើយ​ទៅ​ភ្ជាប់​និង​ជួរ​ភ្នំ ប៉ាដង់ ដែល​ប្រព្រឹត្ត​ទៅ​តាម​កំពូលភ្នំ​ត្រង់​ទៅ​ទិស ខាងកើត​រហូត​ដល់​ទន្លេមេគង្គ ។ នៅ​ខាង​ ​ ​ ​លើ​ទឹក​នៃ​ចំណុច​នេះ​ទន្លេមេគង្គ​ស្ថិតនៅ​ជា​ព្រំប្រទល់​ដែន នៃ​ព្រះរាជាណាចក្រ​សៀម ដោយ​អនុលោម​តាម​ប្រការ​ទី ១ ​ ​ ​នៃ​សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី ៣ តុលា ១៨៩៣ ។​
​នៅក្នុង​ឆ្នាំ​១៩០៤ នោះ​ផង ដែរ សៀម​ត្រូវប្រគល់​ខេត្ត​ត្រាត ដែល​ជា​ខេត្ត​ខ្មែរ​នៅ​តំបន់​ឆ្នេរសមុទ្រ មក​ឱ្យ​បារាំង​គ្រប់គ្រង​វិញ​។​
​ប្រការ​ផ្សេង​ទៀត​នៃ​សន្ធិសញ្ញា​បានចែង​ថា នឹង​ត្រូវ​កំណត់​ព្រំប្រទល់​ដែន រវាង​ដែនដី​ទាំងឡាយ នៃ​ប្រទេស​ឥណ្ឌូចិន​បារាំង នឹង​ព្រះរាជា​អាណា​ ​ចក្រ​សៀម ។ គណៈកម្មការ​ចំរុះ​ទាំងឡាយ មាន​នាយទាហាន​ជា​សមាជិក ហើយ​ដែល​ប្រទេស​ជាប់​កិច្ចសន្យា​ទាំង​ពីរ​ជា​ ​អ្នក​តែងតាំង ត្រូវ​រៀបចំ​កំណត់​ព្រំដែន​នេះ​...​។​
​៥. សន្ធិសញ្ញា​ចុះ​ថ្ងៃទី ២៣ មិនា ១៩០៧
​សន្ធិសញ្ញា​នេះ (​ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​បាងកក​) តម្រូវ​ឱ្យ​សៀម​ប្រគល់​មក​ឱ្យ​បារាំង នូវ​ទឹកដី​ខេត្ត​បាត់ដំបង​, សៀមរាប និង ស៊ីសុផុន​។ បន្ទាប់មក ខេត្ត​បាត់ដំបង​, សៀមរាប និង ស៊ីសុផុន ត្រូវ​បាន​ថ្វាយ​មក​សម្តេច​ព្រះស៊ីសុវត្ថិ តាម​អនុក្រឹត្យ​របស់​អគ្គទេសាភិបាល​ឥណ្ឌូចិន ចុះ​ថ្ងៃ​ទី ២៣ ធ្នូ ១៩០៧​។​ព្រំប្រទល់​ដែន​ដ៏​ទៀងទាត់ មាន​សំរេច​រួច​ហើយ​ជា​ស្រេច​ក្នុង "ខ" ទាំងឡាយ នៃ​ដែន​ដ៏​ទៀត​ទាត់ ដែល​ដាក់​ជាប់​ជាមួយ​នឹង​សន្ធិសញ្ញា​។ ចំណែក​ប្រទេស​បារាំង ក៏​បាន​ប្រគល់ឲ្យ​ទៅ​សៀម នូវ​ខេត្ត​ដាន​សាយ​ ​និង​ខេត្ត​ក្រា​ត​(​ត្រាត​) ព្រមទាំង​កោះ​ទាំងអស់ ដែល​ស្ថិតនៅ​ជា​ខាងត្បូង​ជ្រោយ​ឡិម​លិង ដោយ​រាប់​ចូល​ទាំង​កោះ​គុត​ផង ។​
​សន្ធិ​ស​ញ្ញ​បាន​ចែង​ថា ការកំណត់​ព្រំដែន​ជាក់លាក់​នៃ​ដែន​ដី​ទាំងឡាយ ដែល​ប្រគល់ឲ្យ​មកនេះ នឹង​ត្រូវ​គណៈ​​កម្ម​ការ​ចំរុះ​ជា​អ្នក​ធ្វើ​ក្នុង​រយៈពេល ៤ ខែ តាម​ការ​សច្ចាប័ន​នៃ​សន្ធិ​ស​ញ្ញ ។​
​ពិធី​ការ​ដែល​ដាក់​ភ្ជាប់​មក​នឹង​សន្ធិសញ្ញា​ បញ្ជាក់​នូវ​ចំណុច​ដ៏​ធំៗ​ទាំងឡាយ នៃ​ការកំណត់​ព្រំប្រទល់​ដែន ដើម្បី​​ឲ្យ​គណៈកម្មកា​រងាយ​នឹង​ធ្វើការ​នោះ ។​
​ខ្លឹមសារ​សំខាន់ៗ​នៃ​សន្ធិ​ស​ញ្ញ​រួមមាន​៖
-​មាត្រា ១៖ រដ្ឋាភិបាល​សៀម​ប្រគល់​ឱ្យ​បារាំង​នូវ​ទឹកដី​បាត់ដំបង សៀមរាប និង​ស៊ីសុផុន ដែល​ព្រំដែន​ត្រូវ​កំណត់​ដោយ ខ​ទី​១ នៃ​ពិធីសារ​ស្តីពី​ការកំណត់​ព្រំដែន ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ​។​ ​ ​
-​មាត្រា ២៖ រដ្ឋាភិបាល​បារាំង​ប្រគល់​ឱ្យ​សៀម​នូវ​ទឹកដី​ដាន​សាយ និង​ក្រា​ត (​ត្រាត​) ដែល​ព្រំដែន​ត្រូវ​កំណត់​ដោយ ខ​ទី​១ និង​ទី​២ នៃ​ពិធីសារ​នេះ ​ ​ព្រមទាំង​កោះ​ទាំងអស់​ដែល​ស្ថិតនៅ​ខាងត្បូង ជ្រោយ​ឡិម​លិង រហូត​ទៅ​ដល់​និង​រាប់បញ្ចូល​ទាំង​កោះ​គុត​។​ ​ ​ ​-​មាត្រា ៣៖ ការប្រគល់​ទឹកដី​ទាំងនេះ​នឹង​ប្រព្រឹត្ត​ទៅ​ទាំង​សងខាង ក្នុងអំឡុងពេល​២០​ថ្ងៃ ក្រោយពេល​សន្ធិសញ្ញា​នេះ​នឹង​បាន​ទទួល​សច្ចាប័ន​។
៦. សន្ធិសញ្ញា​ខាង​មិត្តភាព ខាង​ពាណិជ្ជកម្ម និង​ខាង​នាវាចរ ចុះ​ថ្ងៃ​ទី ១៤ កុម្ភៈ ១៩២៥
​សន្ធិសញ្ញា​នេះ​បញ្ជាក់បន្ថែម និង ធានា​ចំពោះ​ព្រំប្រទល់​ដែន ដែល​បាន​ស្ថាបនា​ហើយ​ពេលមុន រវាង​ដែនដី​ ​ប្រទេស​កម្ពុជា នឹង​ប្រទេស​សៀម ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ពីមុនមក ហើយ​ដែល​នៅ​ជា​ធរមាន​យ៉ាង​ត្រឹមត្រូវ​ ​នៅឡើយ (​ប្រការ​ទី​២) ។​
​ក្នុង​សន្ធិសញ្ញា​នេះ មានចែង​សេចក្ដី​ថា ការ​ស្មុគស្មាញ​ទាំងឡាយ ដែល​មិន​អាច​ដោះស្រាយបាន តាមផ្លូវ​ទូត​ ​ឬ​តាម​កិច្ចព្រមព្រៀង សំរុះសំរួល​ណាមួយ​នោះ ត្រូវ​ដាក់ជូន​ទៅ​ឲ្យ​អ្នក​អាជ្ញាកណ្ដាល​ម្នាក់ ឬ​ច្រើន​នាក់​ជួយ​វិនិច្ឆ័យ ឬ​បើ​ ​គ្មាន​អ្នក​អាជ្ញាកណ្ដាល​ទេ ត្រូវ​ដាក់​ទៅ​ជូន​ទៅ​សាលា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ (​ប្រការ​ទី ២)​។​
ប្រការ​ទី ២៧ នៃ​សន្ធិសញ្ញា​ក៏​មាន​ចែង​សេចក្ដី​ដូច្នេះ​ទៀត​ថា សន្ធិសញ្ញា​នេះ​អាច​លុបចោល​នូវ​សន្ធិសញ្ញា​ដទៃ អនុសញ្ញា និង​ការសំរុះសំរួល​ទាំង​​ឡាយ ដែល​បាន​ធ្វើ​រួចហើយ រវាង​ប្រទេស​បារាំង និង​ប្រទេស​សៀម​, វៀរលែងតែ "​ខ" ទាំងឡាយ​ដែល​ទាក់ទង​ចំពោះ​​សេចក្ដីសំរេច ហើយ​និង​ការកំណត់​ព្រំប្រទល់​ដែន ដែល​មាន​នៅក្នុង​សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី ៣ តុលា ១៨៩៣ ក្នុង​អនុសញ្ញា​ចុះ​​ថ្ងៃទី​១៣​កុម្ភៈ ១៩០៤ និង ចុះ​ថ្ងៃ​ទី​២៣​មីនា ១៩០៧ ហើយ​និង​ពិធីការ​របស់ខ្លួន ដែល​នៅ​ជាប់​ជាមួយ​នោះ​ចេញ ។​
៧. អនុសញ្ញា​ចុះ​ថ្ងៃទី ២៥ សីហា ១៩២៦
អនុសញ្ញា​នេះ សំរេច​ការកំណត់​ព្រំប្រទល់​ដែន​ខាង​ទន្លេមេគង្គ រវាង​ប្រទេស​សៀម​និង​ប្រទេស​ឥណ្ឌូចិន ហើយ​​បង្កើតឲ្យមា​នសហប្រតិបត្តិ​ការមួយ រវាង​ប្រទេស​ទាំង​ពីរ​ខាង​មុខ​ក្រុមព្រះ​នគរបាល និង​ខាង​សន្តិសុខ​នៅ​តាម​ទន្លេ ។​
៨. សន្ធិសញ្ញា​មិត្តភាព ខាង​ពាណិជ្ជកម្ម និង​នាវាចរ​ចុះ​ថ្ងើទី ៧ ធ្នូ ១៩៣៧
​សន្ធិសញ្ញា​នេះ​បញ្ជាក់​បន្ថែម​ជា​ថ្មី លើ​ព្រំប្រទល់​ដែន​ខ្មែរ​-​សៀម ដែល​បាន​កំណត់​ទុក​រួច​ហើយ​ពី​ពេល​មុន​ ​ព្រមទាំង​រក្សា​ទុក​ឲ្យនៅ​ជា​ធរមាន​យ៉ាង​ដាច់ខាត ចំពោះ​ចំណុច​នេះ​នូវ​អនុ​ញ្ញា ១៩០៤ និង​អនុសញ្ញា ១៩០៧ (​ប្រការ​ទី​ ២២) ។​
៩. អនុសញ្ញា​សន្តិភាពរ​វា​ង​ប្រទេស​បារាំង និង​ប្រទេស សៀម (​ថ្ងៃទី ៩ ឧសភា ១៩៤១)
​អនុសញ្ញា​នេះ បាន​ទទួល​ការចុះហត្ថលេខា​នា​ក្រុង​តូ​ក្បូ​តាម​អន្តរាគមន៍ នៃ​ប្រទេស​ជប៉ុន ដែល​បាន​តំរូវឲ្យមាន​ ​យុទ្ធ​សន្តិភាព ដើម្បី​បញ្ឈប់​ការ​ប្រទូស្ត​រាយ ដែល​ប្រទេស​ថៃ​បាន​ប្រព្រឹត្តិ​ប្រឆាំងនឹង​ប្រទេស​កម្ពុជា គឺថា​ប្រឆាំង​នឹង​ប្រ​ ​ទេស​បារាំង​ក្នុង​ខែ វិច្ឆិកា ១៩៤០ ។​
​តាម​អនុសញ្ញា​នេះ រដ្ឋាភិបាល​វី​ស៊ី​របស់​បារាំង ដោយ​មាន​ការបង្ខំ​ពី​ប្រទេស​ជប៉ុន បាន​លះបង់​ចោល​ ​នូវ​ខេត្ត​ខ្មែរ​ភាគ​ខាងលិច គឺ​ខេត្ត​បាត់ដំបង ខេត្តកំពង់ធំ​មួយ​ភាគ ខេត្ត​ស្ទឹងត្រែង និង ខេត្តសៀមរាប ។​
​ហេតុ​ដូច្នេះ​អនុសញ្ញា​នេះ បាន​កែប្រែ​ព្រំប្រទល់​ដែន​រវាង​ឥណ្ឌូចិន និង​ប្រទេស​ថៃ (​ប្រការ ២) ។​
​១០. កិច្ចព្រមព្រៀង​បារាំង -​សៀម ថ្ងៃទី ១៧ វិច្ឆិកា ១៩៤៦ នា​ទីក្រុង វ៉ាស៊ីនតោន​
​កិច្ចព្រមព្រៀង​នេះ​បានចាត់ទុក​អនុសញ្ញា​ចុះ​ថ្ងៃ​ ទី ៩ ឧសភា ១៩៤១ ជា​មោឃៈ ហើយ​ស្ថាបនា​ជា​ថ្មី​ឡើងវិញ នូវ​ច្បាប់​ចាស់​ដែល​កើត​មាន​មុន​អនុសញ្ញា​នេះ (​ប្រការ ២) ។​តាម​ន័យ​នេះ តម្រូវ​ឱ្យ​រក្សា​ស្ថានភាព​ព្រំដែន ដូច​មុន​ឆ្នាំ​១៩៤១, ដូច្នេះ ថៃ​ត្រូវ​ប្រគល់​ទឹកដី​ខ្មែរ ដែល​បាន​កាន់កាប់​ចាប់ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៦​នោះ មក​ឱ្យ​ខ្មែរ​វិញ​។​
​ប្រការ ២ នៃ​កិច្ចព្រមព្រៀង​នេះ​បញ្ជាក់ថា ...​ដែនដី​ឥណ្ឌូចិន​ជា​កម្មវត្ថុ​នៃ​អនុសញ្ញា​នេះ ត្រូវ​ផ្ទេរ​មកឲ្យ​រាជការ​បារាំង ។​
​កិច្ចព្រមព្រៀង​បញ្ជាក់ថា កិច្ច​ប្រាស្រ័យ​ទាក់ទង​ខាង​ការទូត​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ ហើយ​ការទាក់ទង​រវាង​ប្រទេស​ ​បារាំង និង ប្រទេស​សៀម ក៏​ត្រូវ​មាន​ជា​ថ្មី​ឡើងវិញ​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី ៧ ធ្នូ ១៩៣៧ ។
​កិច្ចព្រមព្រៀង​បាន​បញ្ជាក់​ម្យ៉ាងទៀត​ថា ខាងក្រោយ​ការផ្ទេរ​ទឹកដី ដែល​គេ​បាន​ប្រគល់​ឲ្យ ក្នុង​ពេល​មុន​ម្ដង​ហើយ​នោះ មាន​គណៈកម្មការ​បង្រួប​ ​បង្រួម​មួយ​បាន​ទទួលភារៈ​ពិនិត្យ​គ្រឿងសំអាង ខាង​ជាតិពន្ធុ ខាង​ភូមិសាស្ត្រ និង​ខាង​សេដ្ឋកិច្ច​នៃ​គូវិវាទ ដើម្បី​រើ​ពិនិត្យ​ជា​ថ្មី​ ​ឬ​បញ្ជាក់​បន្ថែម​នូវ "​ខ" ទាំងឡាយ​នៃ​សន្ធិសញ្ញា​ចុះ​ថ្ងៃទី ១ តុលា ១៨៩៣, នៃ​អនុសញ្ញា​ចុះ​ថ្ងៃ​ទី ១៣ កុម្ភៈ ១៩០៤ និង​សន្ធិ​ ​សញ្ញា​ចុះ​ថ្ងៃទី ២៣ មីនា ១៩០៧ ដែល​សន្ធិសញ្ញា​ចុះ​ថ្ងៃទី ៧ ធ្នូ ១៩៣៧ (​ប្រការ ៣) បាន​រក្សា​ទុក​ឲ្យនៅ​ជា​ធរមាន ។​ ​គណៈកម្មការ​នេះ បាន​រួម​ប្រជុំ​គ្នា​នៅ​ឆ្នាំ ១៩៤៧ ។ ក្រោយ​ការពិនិត្យ​បញ្ហា​ដ៏​សព្វគ្រប់ គណៈកម្មការ​បាន​សំរេច​ចិត្ត​ថា​ ​មិន​ចាំបាច់​ពិនិត្យ​ព្រំប្រទល់​ដែន ជា​ថ្មី​ឡើងវិញ​ឡើយ ។ គណៈកម្មការ​មាន ជាពិសេស​នូវ​អ្នកតំណាង​ខ្មែរ ថៃ និង​បារាំង​ ​ជា​សមាជិក ។​
​ដូច្នេះ ចាប់ពី​ឆ្នាំ​១៩៤៦ បញ្ហា​ទឹកដី​កម្ពុជា​នៅ​ភូមិភាគ​ពាយ័ព្យ​ត្រូវបាន​បញ្ចប់​។ ប៉ុន្តែ បញ្ហា​ប្រាសាទ​ព្រះ​វិហារ​នៅតែ​ចោទ​ឡើង​ជា​បន្ត​មក​ទៀត​ដោយសារ​ប្រទេស​ថៃ​មិន​ អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្រុង​វ៉ាស៊ិងតោន នៅ ឆ្នាំ​១៩៤៦​។​
១១-​សាលក្រម​តុលាការ​យុត្តិធ៌ម​អង្តរជាតិ​ថ្ងៃ​ទី ១៥ មិថុនា ១៩៦២
​សវនាការ​ជា​ចុងក្រោយ​របស់​តុលាការ​បាន​សម្រេច​ឱ្យ​ កម្ពុជា​ទទួល​ជ័យជំនះ​ក្នុង​រឿងក្តី​ប្រាសាទ​ព្រះវិហារ​។ ដំបូង​ប្រទេស​ថៃ​បាន​បដិសេធ ចំពោះ​សាលក្រម​របស់​តុលាការ​ក្រុងឡាអេ​នេះ ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ គឺ​នៅ ថ្ងៃទី ២១ មិថុនា ១៩៦២ លោក​សេនាប្រមុខ សារិត ថា​ណារ៉ាត​(Sarit Thanarat)​នាយករដ្ឋមន្ត្រី​ថៃ​បាន​ថ្លែងថា​ប្រទេស​របស់​លោក​លំឱនកាយ​ ចំពោះមុខ​សេចក្តីសំរេច​របស់​តុលាការ​អន្តជាតិ ដើម្បី​គោរព​កិច្ចសន្យា​របស់​ខ្លួន​ចំពោះ​ធម្មនុញ្ញ​សហប្រជាជាតិ​។​
១២-​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​រដ្ឋាភិបាល​នៃ​រាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​រាជាណាចក្រ​ថៃ ស្តី​ពី​ការអង្កេត និង​ការកំណត់​ព្រំដែន​គោក ចុះ​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០០០ នៅ​ភ្នំពេញ​។​
អនុស្សរណៈ​នៃ​ការយោគយល់​ចែងថា​៖
"អនុស្សរណៈ​នៃ​ការយោគយល់ ស្តី​ពី​ការអង្កេត និង​ការកំណត់​ព្រំដែន​គោក ឈាន​ទៅ​ធ្វើ​ការអង្កេត និង​កំណត់​ព្រំដែន​គោក រវាង​ប្រទេស​ទាំង​ពីរ ហើយ​នឹង​ត្រូវ​ធ្វើ​រួមគ្នា លើ​មូលដ្ឋាន​នៃ​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ និង​ពិធីសារ​ជា​ឧបសម្ព័ន្ធ​នៃ​កិច្ចព្រមព្រៀង​ទាំងនេះ និង ផែនទី​របស់​គណៈកម្មកា​រ​កំណត់​ព្រំដែន​បារាំង​-​សៀម"។​

No comments:

Post a Comment