Wednesday, November 28, 2012

កម្ពុជា គ្រោងដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក



កម្ពុជា គ្រោងដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ខ្លួនកំពុងរៀបចំសំណុំបែបបទ ដើម្បី​ដាក់​បញ្ចូលប្រា​សាទ​សម្បូរព្រៃគុហ៍ នៅខេត្តកំពង់ធំ ទៅជាសម្បត្តិបេតិកភណ្ធពិភពលោក នៅឆ្នាំ​២០១៣​ខាងមុខ។
យោងតាមការប្រាប់ឲ្យដឹងពី លោកហាប់ ទូច អគ្គនាយកបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំសំណុំបែបបទ និងឯក​សារសំខាន់ៗ ដែលទាក់ទងនឹង​ប្រាសាទសម្បូរព្រៃ ដើម្បីស្នើដាក់បញ្ចូលប្រាសាទ ដ៏មាន​វ័យ​ចំណាស់មួយនេះ​ចូលទៅក្នុងសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
លោកហ៊ិន សោភណ្ឌ ប្រធានមន្ទីរវប្បធម៌ ខេត្តកំពង់ធំបាន ប្រាប់ទូរទស្សន៍ហង្សមាសថា ការ​ស្នើសុំឲ្យ​បញ្ចូល​ប្រាសាទសម្បូរព្រៃគុហ៍ ទៅជាសម្បត្តិ​​បេតិកភណ្ឌពិភពលោកនេះ គឺដើម្បី​សុំការគំាទ្រ និងថែទាំពីអង្គការបេតិ​កភណ្ឌ​ពិភព​លោកយូណេស្កូ ។  មូល​ហេតុ ដែលក្រសួង​វប្បធម៌រៀបចំ និងដោយសារប្រាសាទនេះ ជាប្រា​សាទ មានវ័យ​ចំណាស់ និងស្ថិតនៅ​ចំ​កណ្តាល​​ប្រទេស ក្នុងចំណោមប្រាសាទរាប់ពាន់ដទៃទៀតរបស់កម្ពុជា
លោកហ៊ិន សោភណ្ឌ បានបន្តថា មូលហេតុ ដែលប្រាសាទព្រៃគុហ៍នេះ ត្រូវបានគ្រោង និង​ស្នើ បញ្ចូលជា​សម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយប្រាសាទអង្គវត្ត និង ព្រះវិហារ គឺ​ដោយ​សារ ប្រាទនេះ ស្ថិតនៅក្នុង​ព្រៃជ្រៅ មធ្យោបាយធ្វើដំណើរមិនទាន់ល្អប្រសើរ និង ប្រជាពល​រដ្ឋ មិន​ទាន់ស្គាល់បានទូលំទូលាយ ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លំាង​លើ​បញ្ហាហេដ្ឋារចនាសម្ព័ន្ធ​នេះ។
លោកបន្តថា  មានចំណុចជាច្រើន ដែលតម្រូវឲ្យបំពេញក្នុងលក្ខខណ្ឌ មុននឹងប្រា​សាទ​នី​មួយៗ  ត្រូវបាន​បញ្ចូល​ទៅក្នុង​​សម្បត្តិបេតិ​ភណ្ឌ​ពិភពលោក ក្នុងនោះ ត្រូវមានផ្លូវ ឬមធ្យោ​បាយ​ធ្វើ​ដំណើរ​ទៅ​កាន់ប្រាសាទ​ត្រូវក្រាលកៅស៊ូឲ្យបានល្អ  ត្រូវមាន​ការការពារ និង​ថែទាំឲ្យ​បានល្អ  និងត្រូវ​មាន​​បទ​ដ្ឋាន​ច្បាប់​ពាក់ព័ន្ធផងដែរ។
គួររំលឹកថា ប្រាសាទសម្បូរព្រៃគុហ៍ ស្ថិតនៅភូមិសម្បូរ  ឃុំឈើទាល ស្រុកប្រាសាទសម្បូរ ខេត្តកំពុងធំ និង​មានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រ ពីទីរួមខេត្ត ហើយត្រូវ​បានសាង​ឡើង​ពីឥដ្ឋតាន់ និង ថ្មបាយក្រៀម ដោយព្រះបាទ​ឥសានវរ្មន័ទី១​ នៅចុង​សតវត្សរ៍ទី៦ ដើម​សតវត្សរ៍​ទី៧ ។

No comments:

Post a Comment