Wednesday, November 28, 2012

សហព័ន្ធយុវជនកម្ពុជា អំពាវនាវឲ្យយុវជន គោរពច្បាប់ចរាចរណ៍



 សហព័ន្ធយុវជនកម្ពុជា អំពាវនាវឲ្យយុវជន គោរពច្បាប់ចរាចរណ៍

ដើម្បីសម្រេចគោលដៅទសវត្សរ៍ នៃសកម្មភាព សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ២០១១ .២០២០ ប្រធាន សហ​ភាព សហព័ន្ធ យុវជនកម្ពុជា បានអំពាវនាវ ដល់យុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្ត និងគោរព ច្បាប់​ចរាចណ៍​​ឲ្យបានខ្ជាប់ខ្ជួន។

ថ្លែងក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាព ក្នុងចំណោមយុវជន កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា យុវជនត្រូវ​យកចិត្តទុក​ដាក់ គោរព​ច្បាប់​ចរា​ចរណ៍  ដោយពាក់មួយសុវត្ថិភាព បើកបរតាមល្បឿនដែលច្បាប់បានកំណត់ និងមិន​ត្រូវបើកបរ ក្រោម ឥទ្ធិ​ពល នៃ​គ្រឿង​ស្រវឹងឡើយ។ ការធ្វើបែបនេះ គឺ​ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ឲ្យ​ចុះមក​នៅ​ត្រឹមកម្រិត​ទាប​បំ​ផុត តាមផែនការកំណត់ របស់​អាស៊ាន និងតាមសេចក្តី​សម្រេចរបស់អង្គការសហ​ប្រជា​ជាតិ​ស្តីពីទសវត្សរ៍ នៃសកម្ម​ភាពសុវត្ថិភាព ចរាចរណ៍​ផ្លូវគោកឆ្នាំ២០១១-២០២០។ 

ឯកឧត្តម  ក៏បានលើកទឹកចិត្តផងដែរ ដល់យុវជនដែលបានចូលរួមក្នុងយុទ្ធនាការនេះ ត្រូវធ្វើ​ចលនា​ផ្សព្វ​ផ្សាយ​បន្ត​ទៀត ដើម្បីបំផុសអោយអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ ពិសេស យុវជន ត្រូវ ពាក់មួក​សុវត្ថិភាព​ឲ្យ​​បាន​គ្រប់ៗ​គ្នា ទោះធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិ​ភាព ចរា​ចរណ៍​ផ្លូវ​គោក មានប្រសាសន៍ថា ម៉ូតូនៅតែជាមូល​ហេតុ​ចម្បង​បំផុត ដែល​បណ្តាលឲ្យ​ ស្លាប់​ច្រើន ហើយអ្នកប្រើប្រាស់ម៉ូតូភាគ​ច្រើន មាន​ការ​យល់ដឹងពី​ច្បាប់​​ចរាចរណ៍ និងសុវត្ថិ​ភាព​ចរាចរណ៍​នៅ​មាន​កម្រិតទាប។ 

ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមអ្នកជិះម៉ូតូ ដែលរងគ្រោះថ្នាក់ចរាចរណ៍ប្រមាណតែ២៣%ប៉ុណ្ណោះ​ ដែល​ពាក់​មួក​សុវត្ថិ​ភាព ហើយចំនួននេះ នៅតែជាចំនួនមួយកម្រិតទាបនៅឡើយ។ ដូច្នេះ យុទ្ធនាការនេះ គឺ​ផ្សព្វ​​ផ្សាយ​ឲ្យ​អ្នក​ប្រើ​ប្រាស់ម៉ូតូគ្រប់រូប យល់ដឹងពីផលប៉ះពាល់ដល់អាយុជីវិត ដោយសារ​ការមិន​ពាក់​មួកសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងចំណោមយុវជន ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ចន្លោះពីអាយុ១៦ឆ្នាំ ទៅ២៩ ឆ្នាំ​មាន​​៥០% ហើយកាលពីឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍ បាន​​​សម្លាប់ជី​​វិតមនុស្ស សរុប ចំនួន១៩០៥​នាក់ ក្នុង​នោះ​អ្នកស្លាប់ដោយការបើកបរម៉ូតូ និងអ្នករួមដំណើរ មានចំនួន​​១២៦២​​នាក់ ហើយក្នុងចំណោម អ្នក បាត់បង់​ជីវិតទាំងនោះ មានប្រមាណ៦៩% ស្លាប់ដោយសារប៉ះទង្គិចត្រូវក្បាល ៕

No comments:

Post a Comment