Wednesday, November 28, 2012

ក្រសួងវប្បធម៌ បើកការដ្ឋានជួសជុលប្រាសាទបន្ទាយឆ្មារ



ក្រសួងវប្បធម៌ បើកការដ្ឋានជួសជុលប្រាសាទបន្ទាយឆ្មារ

 កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តមហ៊ឹម ឆែម រដ្ឋមន្រ្តី ក្រសួងវប្បធម៌ បានរៀបចំពិធីក្រុងពាលី ដើម្បី​បើកការដ្ឋានជួសជុលផ្នែកបែកបាក់​មួយចំនួននៃប្រា សាទ​បន្ទាយឆ្មារ។

ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ ក្រោយពីពិធីក្រុងពាលីនេះថា ឯកឧត្តមពិតជាកោតសរសើរ​ខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់របស់ក្រុមបុរាណវិទ្យា ស្ថាបត្យកម្ម និងវិស្វករសំណង់ របស់ក្រសួង ដែលខិតខំស្រាវជ្រាវប្រមូល និងជួសជុលប្រាសាទនេះឡើងវិញ។ ការបើកការ​ដ្ឋាន​​ជួស​ជុលផ្នែកខ្លះ នៃប្រាសាទឡើងវិញនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញមកពីផ្នែក បុរាណ​វិទ្យា ស្ថាបត្យកម្ម និង វិស្វកម្ម រកឃើញថា នៅជញ្ជាំងថែវខាងលិច ជ្រុងខាងត្បូងប្រា​សាទ មានចម្លាក់ រូបលោកិស្វរៈ ជាព្រះពោធិសាត់ នៃព្រះពុទ្ធសាសនា មហាយានចំនួន ៦ព្រះ​អង្គ បានបាក់ និងដួលរលំ ដោយសារគ្រោះធម្មជាតិ និង ការលួចគាស់ពីសំណាក់​ជន​ខិលខូច​មួយចំនួនលួចគាស់ ដាប់យករូបចម្លាក់នេះ កាលពីទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០។

ក្រៅពីចូល រួមពិធីក្រុងពាលី ឯកឧត្តមរដ្ឋមន្រ្តី​ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពជួសជុល​ឡើងវិញ នានា នៃ​ប្រាសាទ ដូចជាថែវខាងកើត ចុងខាងត្បូង និងនៅតួប៉ម ផ្នែកខាងកើត ជ្រុងខាងជើង ដែលចាប់ផ្តើមជួសជុលពីឆ្នាំ២០០៩ មក។
យោងរបាយការណ៍ ដែលទូរទស្សន៍ហង្សមាសHDTVទទួលបាន បានឲ្យដឹងថា មុនការជួស​ជុល បង្កាន់​ដៃនាគទាំងផ្នែករូបទេវតា និង រូបយក្ស គឺសុទ្ធតែដួលរលំ កប់ទៅក្នុងគូរទឹកទាំង​អស់ តែក្រោយពីការស្រាវជ្រាវ និងកំណាយរបស់​ក្រុមអ្នក​ជំនាញទើបរកឃើញបំណែកថ្មដង​ខ្លួន​នាគ ចម្លាក់យក្ស និងទេវតា យកមកផ្គុំគ្នា​ឡើង​វិញ។ប៉ុន្តែនៅមានចំពោះចម្លាក់ក្បាល​យក្ស និងទេវតា ត្រូវបានបាត់បង់ស្ទើរតែទាំងអស់ ហើយសព្វថ្ងៃដោយសារកង្វះថវិកា គម្រោង​​នេះ មិនទាន់បានបញ្ចប់នៅឡើយទេ។

No comments:

Post a Comment