Wednesday, November 28, 2012

សម្តេច ហ៊ុន សែន បញ្ជាក់​ឡើងវិញ​ពី​ការ​សច្ចាប្រណិធាន រក្សា​ការពារ​របបរាជានិយម​



សម្តេច ហ៊ុន សែន បញ្ជាក់​ឡើងវិញ​ពី​ការ​សច្ចាប្រណិធាន រក្សា​ការពារ​របបរាជានិយម​

ភ្នំពេញ: ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការ​សច្ចាប្រណិធាន​របស់​សម្តេច ចំពោះ​ព្រះ​បរម​សព​ព្រះមហាវីរក្សត្រ នៅ​ទីក្រុង​ប៉េកាំង អំពី​ការ​ប្តេជ្ញា​រក្សា​ការពារ​របបរាជានិយម និង​ព្រះរាជបល្ល័ង្គ​។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើក​ឡើង​ពី​ការចាក់​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ដែល​សម្តេច បាន​ធ្វើ​សច្ចាប្រណិធាន ចំពោះ​ព្រះ​ភ​ក្ត្រ និង​ព្រះ​ដួង​វិញ្ញាណក្ខន្ធ​របស់​ព្រះមហាវីរក្សត្រ​របស់​យើង ចំពោះ​ការបេ្តជ្ញា​រក្សា​ការពា​ររបប​រាជា​និយ​ម ការពារ​ព្រះមហាក្សត្រ ការពារ​សម្តេច ម៉ែ និង​ព្រះរាជបល្ល័ង្គ​។​

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា "​ខ្ញុំ​មិន​គិតថា គេ​ថត​បាន ( នូវ​ការ​សច្ចាប្រណិធាន​របស់​សម្តេច ) នោះទេ​។ ក៏​ប៉ុន្តែ​នេះ ជា​រឿង​ពិត​មួយ ហើយ​ខ្ញុំ​មានការ​សោកសៅ​ណាស់ ដោយសារ​ពី ២១ ឆ្នាំមុន ( ឆ្នាំ​១៩៩១ ) ខ្ញុំ និង​ភរិយា បាន​ទៅ​ដង្ហែ​ព្រះអង្គ ពី​ប៉េកាំង​មក​។ ២១ ឆ្នាំក្រោយ នៅក្នុង​ថេរវេលា មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ខ្ញុំ​ទៅ​ដង្ហែ​សាជាថ្មី​ម្តងទៀត ប៉ុន្តែ​លើក​នេះ គឺ​ខុស​ប្លែក​គ្នា​។ ស្ថានភាព​នឹង​ហើយ ដែល​ជា​ទុក្ខសោក​របស់ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​... កាលពី​ឆ្នាំ​១៩៩១ ខ្ញុំ និង​ភរិយា​ខ្ញុំ ដង្ហែ​សម្តេចឪ និង​សម្តេចម៉ែ មក​ទាំង​គូ​... ប៉ុន្តែ​២១​ឆ្នាំក្រោយ ទិដ្ឋភាព​ផ្សេង​គ្នា ខ្ញុំ​ទៅ​ដង្ហែ​មក​ដែរ តែ​ខ្ញុំ​ទៅ​បាន​តែ​ម្នាក់ ហើយ​ក៏​ដង្ហែ​បាន​តែ​ហ្លួង​ម៉ែ ឯ​សម្តេច​ឪ គឺ​ស្ថិតក្នុង​ស្ថានភាព​មួយ​ផ្សេង​..."​។​

ជាមួយនឹង​ការ​រម្លឹក​ ឡើងវិញ​នូវ​គុណូបក្ការៈ និង​អនុស្សាវរីយ៍​លាយឡំ​នឹង​ទុក្ខសោក​ចំពោះ​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​មិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​គូសបញ្ជាក់ថា "...​រាជានិយម នៅ​កម្ពុជា រឹង​ប៉ឹង​។ ព្រះមហាក្សត្រ កំពុង​គ្រងរាជ្យ បន្ថែម​ទៅ​ដោយ យើង​មាន​ព្រះ​មាតា​ជាតិ​មួយ​ទៀត នៅ​ជាប់​ជាមួយ​យើង​។ អីចឹង​ដំណាក់កាល​របស់​យើង អាច​បញ្ជាក់​ជូន​បាន​ថា យើង​មិន​មាន​វិបត្តិ​រាជបល្ល័ង្គ​នោះទេ ដោយ សារតែ​អតីតព្រះមហាក្សត្រ ដែល​បាន​សោយ​ទិវង្គត ដោយ​មាន​ការផ្ទេរ​រាជសម្បត្តិ តាមរយៈ​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ អស់​រយៈពេល ៦ ឆ្នាំ រួចមកហើយ​"​។​

ជាមួយ​នឹង​សេចក្តីប្រកាស​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​បន្ថែម ថា "​រាជានិយម រឹង​ប៉ឹង ហើយ​យើង​បន្ត​ថែរក្សា​ទាំងអស់គ្នា​។ ជា​របស់​ទាំង​អស់គ្នា​។ មិនមែន​ជា​របស់​នរ​ណាមួយ​ទេ​។ រាជានិយម គឺជា​របស់​រួម របស់​ជាតិ​"​។​

មុននឹង​ប្រកាស​ដូច្នេះសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​មិញក៏បាន​លើកឡើង​យ៉ាង ច្រើន អំពី​ការ​បន្សល់​ទុក​របស់​ព្រះករុណាសម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ដែល​សម្តេច ហ៊ុន សែន ថា ព្រះអង្គ​បាន​គិតគូ​ជាមុន នូវ​ការផ្ទេ​រការ​គ្រង​រាជសម្បត្តិ ឲ្យ​ព្រះរាជ បុត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០០៤ មុន​ព្រះអង្គ  ( សម្តេចព្រះ នរោត្តម សីហនុ ) សោយ​ទិវង្គត​។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ព្រះរាជ​តំរិះ​គិតគូ​របស់​ព្រះមហា វីរក្សត្រ ​ដូច្នេះ នាំ​ឲ្យ​កម្ពុជា សព្វថ្ងៃជៀសផុត​ពី​វិបត្តិ​រាជបល្ល័ង្គ​។ ផ្ទុយទៅវិញ បើសិនជា​មិន​បាន​ រៀបចំ​ទុកជា​មុន​ទេ នោះ​នៅពេល​សព្វថ្ងៃនេះ នៅ​ពេល​ព្រះករុណា​សោយ​ព្រះ​ទិវង្គត នឹង​នាំឲ្យ​មាន​ការលំបាក ដោយ​ត្រូវ​រវល់​រៀបចំ​ព្រះរាជ​ពិធី​បុណ្យសព និង​កោះប្រជុំ​រដ្ឋសភា អនុម័ត​ច្បាប់​ក្រុមប្រឹក្សារាជសម្បត្តិ ព្រមទាំង​ត្រូវ​ប្រជុំ​ក្រុមប្រឹក្សារាជសម្បត្តិ ដើម្បី​ជ្រើសតាំងព្រះ មហាក្សត្រ ក្នុង​រយៈពេល ១ សប្តាហ៍ តាម​ច្បាប់​កំណត់ ជាមិនខាន​៕​


សម្តេច ហ៊ុន សែន ចំណាយ​ពេល​ជាង ១ ម៉ោង លើកឡើងជុំវិញការយាង​ចូល​ព្រះ​ទិវង្គត របស់​សម្តេច​ព្រះមហាវីរក្សត្រ​


ភ្នំពេញ: ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយពេល​ជាង ១ ម៉ោង ក្នុង​បទ​អត្ថាធិប្បាយ​របស់​សម្តេច ទៅកាន់​ប្រជាពលរដ្ឋ ដោយ​សម្តេច បានលើកឡើង​ជុំវិញ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

ផ្តើម​ដំបូង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​ការពារ​សន្តិសុខ និង​សុវត្ថិភាព នៅ​ទូទាំង​ប្រទេស ក្នុងពេល​កាន់​ព្រះ​មរណទុក្ខ​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ក្នុង​ដំណាក់កាល​ទី​១​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការចូលរួម​ព្រះរាជ​ពិធី​កាន់​មរណទុក្ខ ដែល​មហាជន​ទាំងអស់ គ្រប់​និន្នាការ បាន​ចូលរួម ហើយ​មាន​ទ្រង់ទ្រាយ​ធំ​លើស​ពិធីបុណ្យ​ជាតិ​ណាៗ​ទាំងអស់​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​ថា ចលនា​មហា ជន​នេះ សម្តែង​ពី​មោទនភាព​ជាតិ​ខ្មែរ និង​ការឯកភាព​ជាតិ ដូច​ព្រះ​កិត្តិនាម​របស់​សម្តេច​ព្រះ មហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី​។

សម្តេចនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់ថា "​ខ្ញុំ​អាច​និយាយថា យើង​សោកស្តាយ តែ​យើង​ក៏​មាន​មោទនភាព​ជាតិ ដែល​នៅពេលនេះ គឺ​យើង​ឃើញ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​វ័យ គ្រប់​និន្នាការ​នយោបាយ គ្រប់​សាសនា គឺ​បាន​ចូលរួម​កាន់​ព្រះ​មរណទុក្ខ និង​គោរព​ព្រះ​វិញ្ញាណ ក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ ការចូលរួម​របស់​ប្រជា ពល រដ្ឋ នៅ​ទូទាំង​ប្រទេស ក៏​បង្ហាញ​ពី​ចិត្តសប្បុរស ដោយ​ប្រជាពលរដ្ឋ ចេះ​ចែករំលែក ដូចជា នៅ​មុខ​ព្រះបរមរាជវាំង មាន​ការចែករំលែក​ទឹកបរិសុទ្ធ បាយ ហើយ​មាន​ក្រុមយុវជន ដើរ​រើស និង​បោស​សំរាម ជាដើម​"​។​

​សូម​រម្លឹកថា គ្រាន់តែ​ទទួលបាន​ដំណឹង នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​ភ្លាម សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដង្ហែ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចាក​ចេញពី​រាជ ធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អមដំណើរ​ដង្ហែ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកកាន់​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​។​

​ចំពោះ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ នៅ​ទីក្រុង​ប៉េកាំង មុន​នឹង​ដង្ហែ​តាម​យន្តហោះ​ពិសេស​របស់​ចិន មក​កាន់​រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សច្ចា​ដោយ​សំឡេង​ខ្សឹកខ្សួ​រថា សម្តេច​នឹង​ការពារ​រាជបល្ល័ង្គ ការពារ​សម្តេចម៉ែ និង​ព្រះមហាក្សត្រ​។​

​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​មិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អតីត​ព្រលានយន្ត ហោះ ក្នុង​សម័យ​សង្គម ដើម្បី​ជំនួស​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ផងដែរ​។​

​សម្តេចនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា ដែល​បាន​យក​ឈ្មោះ​របស់​សម្តេច និង​លោកជំទាវ ដើម្បី​ចាប់​យក​ដី ពិសេស​ករណី​ដី​នៅ​ខេត្ត​កំពង់ធំ ដែលថា យក​ដើម្បី​ធ្វើ​ជា​ទីស្នាក់ការ កាកបាទ​ក្រហម កម្ពុជា​។​

​ប័ណ្ណកម្មសិទ្ធិ ដែល​ត្រូវ​ចែក​ជូន​នៅ​ឃុំ​កំពង់លាវ ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង ដែល​ស្ថិត​នៅ​ម្តុំ​អតីត​ព្រលានយន្តហោះ ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​នេះ មាន​ចំនួន ៧៣០ ក្បាលដី ស្មើនឹង ៣៦៩ ហិកតា និង​មាន​ប្រជាពលរដ្ឋ ២៩៧ គ្រួសារ​៕​

No comments:

Post a Comment