Wednesday, November 28, 2012

ជីវប្រវត្តិ លោកស៊ីន ស៊ីសាមុត ក្នុងរបបខ្មែរក្រហម



ជីវប្រវត្តិ លោកស៊ីន ស៊ីសាមុត ក្នុងរបបខ្មែរក្រហម
ស៊ីន ស៊ីសាមុត ជាឈ្មោះកំពូលតន្រ្តីករ និង កំពូលអ្នក​ចម្រៀងខ្មែរម្នាក់​នៃ​ទសវត្សរ៍ឆ្នាំ៥០ ដល់១៩៧០។
លោកស៊ីន ស៊ីសាមុត កើតនៅឆ្នាំរកា​ត្រូវនឹងថ្ងៃ​ទី២៣ខែសីហាឆ្នាំ​១៩៣២ នៃគ្រឹះសករាជក្នុង​ត្រកូល ឪពុក​ជាឆ្មាំ​យាម​ពន្ធនាគារ និងក្រោយ​មក​​ក្លាយជាទាហ៊ាន​ប្រឆាំង​អាណានិគមនិយម​បារាំង។លោក បានរៀបអា​ពាហ៍ពិពាហ៍ជាមួយ​កញ្ញាខាវ ថងញ៉ុតនៅឆ្នាំ១៩៥១និង មានចូល​ទៅ បំពេញការសិក្សា នៅសាលាពេទ្យ​តាម ការ​ចង្អុលបង្ហាញពីឪពុកម្តាយនៅឆ្នាំ១៩៥៣ ។
ក្នុងពេលកំពុងសិក្សាវិជ្ជាពេទ្យលោកស៊ីនស៊ីសាមុតក៏បានព្យាយាមហាត់រៀនអំពីការច្រៀង និង ភ្លេង ដែរ ដែលពេលខ្លះ លោកសម្ងំធ្វើម្នាក់​ឯងរហូតដល់​ម៉ោង​មួយ ឬពីរអាធ្រាតជាមួយ នឹង​ឧបករណ៍ ម៉ុង ដឺលីនរបស់លោក រហូត​ធ្វើឲ្យលោកក្លាយ​ជាជនភ្លេចធ្លោ ល្បីល្បាញ នៃ​ភាពជោគជ័យ។
ក្នុងពេលជាមួយគ្នានោះដែរ លោកក៏បានបង្កើតវង់តន្រ្តីមួយឈ្មោះថា ព្រះច័ន្ទរស្មី ដែលមាន​សមា ជិកប្រាំបួននាក់ ហើយនៅគ្រានោះដែរ ក្រុមតន្រ្តីរបស់លោក ក៏ត្រូវបាន​គេ​អញ្ជើញ ឲ្យ​ចូល​ប្រគុំនៅ ក្នុងវិទ្យុជាតិជាលើកដំបូង។
ភាពជោគជ័យ និង ភាពល្បីល្បាញរបស់លោក ក៏ធ្វើឲ្យ​ឪពុក​ម្តាយលោកមិន​សប្បាយចិត្តដែរ ព្រោះលោក មិន​បាន​បំពេញបំណងរបស់ពួកគាត់ ដែលចង់ឲ្យលោក​ក្លាយ​ជាគ្រូពេទ្យ ហើយ​វាក៏បានធ្វើឲ្យជីវិត អាពាហ៍ពិពាហ៍របស់លោក នឹងអ្នកស្រីខាវ ថងញ៉ុត មាន​ភាពរកាំរកូស​រហូតធ្វើ​ឲ្យស្រី​រត់ទៅបួសជា​ដូនជី ខណៈពេលអ្នកស្រីមានវ័យ​៣០ឆ្នាំផង​ដែរ។
ក្រោយពីកម្ពុជាទទួលឯករាជ្យពីអាណាព្យាបាលបារាំង លោកក៏បានចូលមកធ្វើការពាក់​កណ្តាល​អាជីព នៅវិទ្យុជាតិក្រោយមកលោកក៏ត្រូវ​សម្តេចអគ្គមហេសី កុសមៈនារី រ័ត្ន អញ្ជើញ​ឲ្យមកច្រៀងក្នុងវង់តន្រ្តី នៃ របាំព្រះ​រាជទ្រព្យ។​ទោះបីជាអាជីពជាអ្នក​ ចម្រៀងរបស់លោកអាច​ធ្វើ​ឲ្យលោករកប្រាក់ចំណូល​បានមធ្យម ឬអាចដូរម៉ូដរថយន្តបានតាមចិត្តក្តី ក៏លោកស៊ីន ស៊ី​សាមុត មិនបាន​បង្ហាត់បង្រៀនកូន ឲ្យដើរតាមលំអាន របស់លោកដែរ ដោយ លោក​លើក​ឡើងថា អាជីព​ជាអ្នកចម្រៀង គ្មានតម្លៃទេ។
លោកស៊ីន ស៊ីសាមុត មានជីវិតអាពាហ៍ពិពាហ៍ចំនួនពីរដង ដោយចុងក្រោយលោក បានរៀប​ការជាមួយនឹង អ្នករបាំ ព្រះ រាជ ទ្រព្យ ម្នាក់។
លោកបានបំពេញការងារនេះ រហូតដល់ស្ងៃ១៨ មីនា ឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារ​របស់​សេនា​ប្រមុខលន់ នល់ ដែលគាំទ្រដោយ សហរដ្ឋអាមេរិច។
លោកក៏បានចូលបម្រើនៅអង្គភាពការិយាល័យទីប្រាំ នៃអគ្គសេនាធិការ ដោយទទួល បាន​ឋានៈជាអនុសេនីយ៍ទោ និង ក្រោយ មកឡើងឋានៈជាអនុសេនីយ៍ឯក។
ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ លោកនិងក្រុមគ្រួសារ ត្រូវ​បានគេជម្លៀស​ឲ្យចាកចេញ ពីទី​ក្រុងភ្នំពេញ ជាមួយនឹង​ប្រជាពលរដ្ឋជាងមួយលាននាក់ទៀត។ លោកបាន​ធ្វើដំ​ណើរឆ្លង​កាត់​តាមស្ពានព្រះមុនីវង្ស និង តម្រង់ទៅទឹសនៃ​ផ្លូវ​ជាតិលេខមួយ ហើយ​បាន​បែក​ខ្ញែកគ្នាជាមួយ​នឹង​​អ្នក​ស្រីខាវ ថងញ៉ុត និងកូនដើមទាំងបួនរបស់លោកនៅ​ត្រង់​ផ្លូវបំបែក​ទៅព្រែកប្រា ។​លោក​​បានឈប់សម្រាកនៅវត្ត​ចម្ប៉ាអស់ មួយរយៈពេលខ្លី។ ការស្នាក់នៅក្នុង​វត្ត​ចម្ប៉ានេះ លោក​ស៊ីន ស៊ីសាមុត ក៏បានជួបជាមួយអ្នកនិពន្ធ​ដ៏ល្បី​ល្បាញ រួមជំនាន់របស់​លោកដែរ គឺ​លោកគង្គ ប៊ុនឈឿន ។
មានទាហានខ្មែរក្រហមជាច្រើន បានមកចោមរោមមើល​គាត់ ដោយអ្នកខ្លះ មានយកនំ មក​ជូន​គាត់ និង បានសំណូម​ពរឲ្យគាត់ច្រៀងឲ្យស្តាប់ ដូចជាបទម្លប់ស្នេហ៍ដើមស្រ​ឡៅ​ជាដើម។​តែលោកស៊ីន ស៊ីសាមុត​បានបដិសេធ ដោយ​លោកនិយាយថា លោកច្រៀង​លែង​ពីរោះ​ហើយ។
ក្រោយពីសម្រាកនៅក្នុងវត្តបានរយៈពេលប្រាំខែ លោកក៏​ត្រូវបានអង្គការអញ្ជើញឲ្យ​មកនិពន្ធ​បទភ្លេង និង ទំនុក​ច្រៀង​នៅភ្នំពេញដែរ តែលោកមិនអាចធ្វើឲ្យអង្គការពេញ ចិត្តពេញថ្លើម​ឡើយ ហើយអង្គ​ការ ក៏បញ្ជូនលោក និងភរិយា​ក្រោយឲ្យទៅរស់នៅធ្វើជាទាសករ នៅភូមិ​កោះ​ថ្មី ស្រុក​កោះ​ធំ។
ក្នុងការមករស់នៅទីនេះដែរ លោកក៏ត្រូបានគេដាក់ខ្នោះ និងវាយធ្វើបាប ដោយពេល ខ្លះបាន​យកបំពង់សម្រាប់បង្ហូរ​ទឹកម៉ូត្រមកវាយក្បាលលោក។ក្រៅពីនេះ លោកក៏ត្រូវ​បានគេវាយ​នឹង​ស្វាយកាំភ្លើង​ចំ​កញ្ចប់មាត់ រហូតបាក់ធ្មេញ នៅពេលដែល​គេឲ្យលោក​ច្រៀង ហើយច្រៀង​មិន​ពីរោះ។
លោកត្រូវបានគេសម្លាប់នៅថ្ងៃទី១៨ខែឧសភាឆ្នាំ​១៩៧៦។​មានន័យថា គឺលោករស់​នៅ​ក្នុង​របប ខ្មែរ ក្រហម​ បានរយៈ​ពេល មួយឆ្នាំ មួយខែ មួយថ្ងៃ។
មុនពេលត្រូវបានគេសម្លាប់ លោកស៊ីន ស៊ីសាមុតបានមាន​កូនស្រីចិញ្ចឹមម្នាក់ ឈ្មោះ អ្នកស្រី​ប្រសើ ដែល សព្វថ្ងៃអ្នក​ស្រី​រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមការរៀបរាប់របស់អ្នកស្រីសើ បានឲ្យដឹងថាក្រោយពីលោកស៊ីន ស៊ីសាមុតត្រូវបានគេ​បញ្ជូន​​មកតំបន់ របស់អ្នកស្រីធ្វើការមុនដំបូងអ្នកស្រីមិនបានស្កាល់ថាគាត់គឺជា​អធិរាជសំឡេង​មាសស៊ីនស៊ីសាមុត ​ទេ​ ព្រោះពេលនោះលោកស៊ីន ស៊ីសាមុតស្គមខ្លាំងណាស់។អ្នកស្រីបន្ត​ទៀត​ថា នៅពេលដែលលោកស៊ីន ស៊ីសាមុតធ្វើការ​ណែនាំ​ខ្លួន​ថា លោក គឺជាស៊ីន ស៊ីសាមុត នោះ អ្នកស្រីអស់សំណើច ហើយនិយាយថា ងាប់ហើយ ស៊ីន ស៊ីសាមុតមុខអីអីចឹង?
អ្នកស្រីអះអាងទៀតថាក្រៅពីមានរូបរាងស្គមលោកស៊ីន ស៊ីសាមុត បានជ្រុះសក់អស់ខ្លះថែម​ទាំងបាក់ធ្មេញអស់ខ្លះផង។អ្នកស្រី បន្ត ថា លោកស៊ីន ស៊ីសាមុត ត្រូវបានគេវាយនឹងស្នូក​កាំភ្លើង នៅពេលដែលគេបង្ខំលោកឲ្យច្រៀងបទគោរពទង់ជាតិ ដែលមាន​ន័យ​ថា ឈាមក្រ​ហម​ឆ្អៅ មិនពិរោះ។អ្នកបន្តទាំងសម្តីអួលអាក់ថា មុនពេលត្រូវគេយកទៅសម្លាប់លោកស៊ីន ស៊ីសាមុត បាន​ផ្តាំផ្ញើ អ្នកស្រី​ថា ឲ្យ​ខំ​កសាងខ្លួននិងឲ្យឈប់លួយគេព្រោះក្រែងមានវាសនា អាចបានមកជួយជុំឪពុកម្តាយវិញ។អ្នកស្រី ពណ៌​នា​ថា​រហូតមក​ដល់​ពេល​នេះ អ្នកស្រីនៅតែ​នឹកស្រណោះ និង អាឡោះអាល័យ ចំពោះពាក្យសម្តី ដែលលោកស៊ីន ស៊ីសាមុត​បានប្រៀន​ប្រដៅ និង អប់​រំដល់​អ្នកស្រី។អ្នកស្រីបន្តថា អ្នកស្រីមានការសោកស្តាយខ្លាំងណាស់ ចំពោះ​មរណ​ភាពរបស់លោកស៊ីន ស៊ីសា​មុត​នេះ តែថា​លោកស្រីមិនបានឃើញគេសម្លាប់លោកស៊ីន ស៊ីសាមុតដោយផ្ទាល់ភ្នែកនោះទេ ប៉ុន្តែអ្នកស្រីបានឮ ក្រុមទា​ហាន ដែល​យក​លោកស៊ីន ស៊ីសាមុតទៅសម្លាប់និយាយគ្នាថា តែប៉ុណ្ណេះ ឆ្ងាញ់ដៃហើយ អាស៊ីន ស៊ីសាមុតកុំទុកវាយូរ។
ដោយឡែក លោក ឡុងសជ័យ អតីតអ្នកទោសនៅកោះថ្មី ជាមួយលោកស៊ីន ស៊ីសាមុតដែរ​នោះ បានអះអាងថា លោកមិន​ធ្លាប់​ឃើញ​​លោកស៊ីន ស៊ីសាមុតដោយផ្ទាល់ភ្នែក មុនពេល​លោក​ស៊ីន ស៊ីសាមុតត្រូវគេយកទៅសម្លាប់ទេ លើកលែងតែម្តងគត់ នៅពេល លោកចុះទៅ​ងូត​ទឹកនៅកំពង់ទឹក។លោកបញ្ជាក់ថា ខ្ញុំឃើញតែឬម្តងគត់ ពេលខ្ញុំចុះពីមន្ទីរឃុំឃាំងទៅ​ងូត​ទឹក ហើយឃើញគាត់តែ​មួយ​ភ្លែត ហើយខ្ញុំបានលាន់មាត់ថា អូហ៍ បងសាមុតតើ។លោកបន្តថា លោកគ្មានពេល ឬឧិកាសអាចនិយាយគ្នា ជាមួយលោកស៊ីន ស៊ីសាមុតទេ ព្រោះការជាប់​ឃាំងនៅកន្លែងខុសគ្នា។ប៉ុន្តែលោកបន្ត ដោយទទួលស្គាល់ថា លោកស៊ីន ស៊ីសាមុត ពិតជា​ត្រូវបាន​គេ​សម្លាប់ ក្នុងទឹកដីនៃស្រុកកោះធំមែន។លោកបន្តថា លោកដឹងតាមរយៈមួកហាម​តូចរបស់លោកស៊ីន ស៊ីសាមុតត្រូវកូនទាហា​ន ខ្មែរក្រហមទាំងនោះយកមកពាក់ ក្រោយពីពួក​គេ​បាន​សម្លាប់លោកហើយ។លោកមានប្រសាសន៍ថា ខ្ញុំបានសួរទៅពួកគេ ដែលជា ទាហាន​ខ្មែរ​ក្រហមថា អង្គការ តើបានមួកហ្នឹងពីណាម៉ោ?ពួកគេប្រាក់លោកថាអ្ហឹវ៉ៃ អាអ្នកចម្រៀង​ជើងឯកភ្នំពេញ  អាសាមុត
លោកបន្តថា ពួកគេគ្មានគុណធម៌ទេ និយាយសុទ្ធតែអា ហើយអ្វី ដែលលោកអះអាងថា​លោក​ស៊ីន ស៊ីសាមុតពិតជាស្លាប់នោះ គឺក្រោយ​ពី​ការដួលរលំរបស់ពួកខ្មែរក្រហមនៅ​ឆ្នាំ១៩៧៩ ក្រុម​លោក ដែលមានគ្នាតែ១៧នាក់ពីការស្លាប់ បាននាំគ្នាទៅរើមើលឯក សារ​ដែល​ពួកខ្មេរ​ក្រ​ហមបានចងក្រង ក៏ឃើញឈ្មោះ និង ចម្លើយសារ​ភាព​របស់លោស៊ីន ស៊ីសាមុតថា គាត់ជា​ទា​ហាន ស័ក្តិបីនៃ ក្រុមតន្រ្តី​យោ​ធាភិរម្យ។ លោកបន្តថា លោកស៊ីន ស៊ីសាមុត និងលោកគង់ សំអឿន ត្រូវបានគេសម្លាប់នៅនៅទីក្នលែង​ជាមួយគ្នា។
ជាមួយគ្នានេះដែរ លោកប៊ុន ថន ជាគ្រូពេទ្យនៅជំនាន់នោះ និងតំបន់​នោះដែរ បានមានប្រ​សាសន៍ថា លោកធ្លាប់ឃើញ​លោក​ស៊ីន​ស៊ីសាមុត ម្តងដែរ មុនពេលលោកស៊ីន ស៊ីសាមុត ត្រូវ​បានគេសម្លាប់ តែមិនបានស្គាល់ថា នោះជាលោកស៊ីន ស៊ីសាមុតទេ។លោក បញ្ជាក់ថា  នៅពេល​នោះ លោកស៊ីន ស៊ីសាមុតមានសម្បុលខ្មៅខ្លាំងណាស់ ហើយស្គមទៀត​ផង។​លោកបន្តថា លោកស៊ីន ស៊ីសាមុត បានស្លៀកពាក់អាវខ្មៅ ខោខ្លី និង អាវរហែក។លោក​ប៊ុន​ថន​អះអាងថា លោកបានដឹងអំពីការស្លាប់​របស់លោកស៊ីន ស៊ីសាមុតដោយផ្ទាល់ត្រចៀក ក្រោយ​ពីកូនទាហានខ្មែរក្រហម៤ .៥នាក់និយាយគ្នា​នៅក្បែរលោកថាយប់មិញវ៉ៃ ស៊ីន ស៊ីសា​មុត។លោកបន្តទៀតថា ក្រោយពីឮការនិយាយនេះហើយ លោកក៏សាកល្បងដើរទៅ​មើល​កន្លែង ដែលពួកគេខ្មែរក្រហមនិយាយនោះ ហើយលោកក៏ឃើញស្លាកស្មាមកប់​សពថ្មីៗ​នៅទី​នោះមែន ថែមទាំងមានស្បែកជើងកូនក្មេងនៅទី​នោះទៀត ដែលក្រុមលោកអះ​អាង​ថា គឺជា​ស្បែកជើងរបស់កូនលោកស៊ីន ស៊ីសាមុត។
រហូតមកដល់ពេលនេះ ទោះបីជាលោកបានស្លាប់ទៅហើយក្តីមែន តែសំឡេង និង កត្តិនាម​របស់​លោកនៅតែជាវត្ថុដ៏មានតម្លៃ នៃមនុស្សជាតិ ជាពិសេសប្រជាពល​រដ្ឋខ្មែរជាដើម។​គេ​នៅ​តែចាត់ទុកលោក ជាកំពូលមនុស្ស ដែលមានទឹកដមសំឡេង ដែលគ្មានខ្មែរ​ណាអាច​ប្រៀប​ផ្ទឹមបាន។ចម្រៀងរបស់លោក នៅតែជាអមតៈសម្រាប់​ប្រជា​ពល​រដ្ឋខ្មែរដដែល។
លោកកាក់ សាវុធ ប្រធានពន្ធនាគារ នៃពន្ធនា​ការខេត្តកំពង់ស្ពឺបានមានប្រសាសន៍ ថាដោយ​កាលពីសម័យមុន ផ្ទះលោក និង ស្ទូឌីយ៉ូ ដែល​លោក​ស៊ីន ស៊ីសាមុតតែង​តែទៅច្រៀងថត​ដាក់​ថាសលក់នោះនៅក្បែរគ្នា ទើបធ្វើឲ្យលោកបាន​ស្គាល់ និង ឃើញលោកស៊ីន ស៊ីសាមុត​ម្តង​ម្កាល។​លោកបន្តថា លោកស៊ីន ស៊ីសាមុត រួមជា​មួយក្រុមការងារដទៃទៀត ដែលមកថត​ចម្រៀង តែងតែងចេញមកក្រៅស្ទូឌីយ៉ូ ដើម្បី​ពិភាក្សាគ្នាបន្ថែមទៀតអំពីអ្វី ដែលពួកគាត់គិត​ថាមិនទាន់ត្រឹមត្រូវ និង ល្អ ដែល​អាចទទួលយកបានតមាបំណង។លោកថា ពួកគាត់មានការ​ពិភាក្សាគ្នាដោយ ហ្មត់ចត់ខ្លាំងណាស់ អីចឹងហើយមានបានចម្រៀងរបស់ពួកគាត់​ចេញមក​មានន័យ។
ឯអ្នកស្រីអ៊ុំ សុផានី មន្រ្តីចូលនិវត្តន៍នៃករសួងព្រះបុរមរាជវាំង និង ដែលជាអ្នកចូល​ចិត្ត​នឹង​សម្រៀងរបស់លោកស៊ីន ស៊ីសាមុត បានមានប្រសាសន៍​ដែរថា អ្នកស្រីមិន​ដែលឃើញ​លោក​ស៊ីន ស៊ីសាមុតផ្ទាល់ភ្នែកទេ ប៉ុន្តែដោយផ្ទះ​អ្នកស្រី និង ផ្ទះលោក​ស៊ីន ស៊ីសាមុតនៅជិតគ្នា​ទើប​ធ្វើឲ្យអ្នកស្រី អាចឮសំឡេង​ហួច​របស់​លោកស៊ីន ស៊ី​សាមុត។អ្នកស្រីបន្តថា លោកស៊ីន ស៊ីសាមុត កុំថាឡើយដល់ទៅច្រៀង សូម្បីតែ​ហួចក៏ពីរោះដែរ។អ្នកស្រី បញ្ជាក់បន្តថា អ្នក​ស្រីបានស្រក់ទឹក​ភ្នែក នៅពេលឮ​ចម្រៀងរបស់លោកស៊ីន ស៊ីសាមុត ត្រូវបានគេចាក់លើក​ដំបុង នៅដើមឆ្នាំ១៩៨០ ក្រោយពីការដួលរលំរបបប៉ុល ពត និង ដែលអ្នកស្រីខានស្តាប់​វាជា​យូរ​ណាស់មក​ហើយ ហើយអ្នក​ស្រី​ពណ៌នាថា អ្នកដែលសម្លាប់លោកស៊ីន ស៊ីសាមុត គឺជា​មនុស្ស  និង ជារបបដែលចង់​បំបាត់ពូជ​សាន៍ខ្មែរតែម្តង។អ្នកស្រីលើកឡើងា អ្នកចម្រៀង ពុំ​បាន​ធ្វើអ្វីឲ្យប៉ះពាល់សង្គម ក្រៅពីការលួង​លោម​ចិត្តគេកុំឲ្យឈឺចាប់ ឬឲ្យលង់ លក់ទៅតាម​អត្ថ​ន័យនៃបទចម្រៀងប៉ុណ្ណោះ។
អ្នកស្រីក៏បានធ្វើការរិះគន់ផងដែរចំពោះផលិតកម្មចម្រៀងមួយចំនួន ដែលបាន​យកចម្រៀង​របស់លោកស៊ីន ស៊ីសាមុតមកកាឡៃ មកធ្វើជារបស់ឯង ដែលនាំឲ្យ ខូចតម្លៃ នៃសិល្បៈ ដែល​គេមានគ្រុប់ នូវគ្រឿងផ្សំរួចទៅហើយ។អ្នកស្រីរិះគន់ថា ង្ អ្នកដែលកាឡៃបទចម្រៀង​របស់​លោកស៊ីន ស៊ីសាមុត គឺជាអ្នបំផ្លាញ នូវសម្បត្តិ វប្បធម៌ជាតិរបស់ខ្លួនឯ។



ដកស្រង់ទាំងស្រុងពី ខ្មែស្មេរ

No comments:

Post a Comment