Wednesday, November 28, 2012

រាជរដ្ឋាភិបាលចំណាយលើគ្រោះមហន្តរាយទឹកជំនន់តិចជាងការកំណត់



រាជរដ្ឋាភិបាលចំណាយលើគ្រោះមហន្តរាយទឹកជំនន់តិចជាងការកំណត់

អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រកាសថា រដ្ឋាភិបាលបានចំណាយលើគ្រោះមហន្តរាយទឹកជំនន់តិចជាងការគ្រោងទុក ដោយសារមានវិធានការល្អ និងកម្រិតទឹកទាបជាងជំនន់ឆ្នាំ២០១១។
          មានប្រសាសន៍ក្នុងសន្និសីទ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១២ ឯកឧត្តម ញឹម វណ្ណដា អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអោយដឹងថា ទឹក​ជំនន់​ឆ្នាំ​នេះ​តូច​ ប៉ុន្តែ​យើង​បាន​កំណត់​ប្រាក់ ៣០ លាន​ដុល្លារ​សម្រាប់​ទឹក​ជំនន់ ព្រោះ​ការព្យារណ៍នាពេលកន្លងទៅបានបង្ហាញថា ឆ្នាំនេះនឹងមានទឹកជំនន់បង្កគ្រោះមហន្តរាយម្តងទៀត តម្រូវអោយរដ្ឋាភិបាល ត្រៀមលុយច្រើនសន្ធឹកសន្ធាប់សម្រាប់ការចំណាយ។
ឯកឧត្តមបានបញ្ជាក់ថា​ ថ្វីត្បិតតែរដ្ឋាភិបាលមិនអាច​រាយការណ៍​ពី​ចំនួន​ថវិកា​ពិត​ប្រាកដ ដែល​បាន​ចំណាយ​លើ​ការ​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់​ និង​ការ​ជួយ​សង្គ្រោះ​នោះ​ក៏ដោយ ប៉ុន្តែប្រាក់នៅសល់សម្តេចអគ្គមហាសេនាបតី​​ ហ៊ុន សែននឹង​យកប្រាក់នោះ​មក​ប្រើ​ ដើម្បី​​អភិវឌ្ឍ​វិស័យ​ផ្សេងទៀត។ទាក់ទងការត្រៀមប្រាក់សម្រាប់គ្រោះទឹកជំនន់ច្រើនលើសការចំណាយនេះដែរ ត្រូវបានអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ដោយសារការព្យាករណ៍ថា នឹងមានទឹកជំនន់ធំនៅឆ្នាំ២០១២នេះ ជាហេតុនាំអោយរដ្ឋាភិបាល កំណត់ថវិកាច្រើនជាងតម្រូវការ។
តាមរបាយការណ៍​ទឹក​ជំនន់​ឆ្នាំ​​នេះ ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហាញ​ថា មនុស្ស​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ បាន​ស្លាប់​ ដោយ​សារ​ទឹក​ជំនន់ ដោយ​មិន​រាប់​បញ្ចូល​ចំនួន​មនុស្ស​លង់​ទឹក ដោយ​​សារ​ស្រវឹង​ឡើយ។នេះជាចំនួនថយចុះគួរអោយកត់សម្គាល់បើប្រៀបធៀបឆ្នាំ២០១១មានប្រជាជន ២៥០ នាក់​ បាន​ស្លាប់​ ដោយ​សារ​ទឹក​ជំនន់​។
ភាពផ្សេងគ្នានៃការលិចលង់ត្រូវបានឯកឧត្តម ញឹម វណ្ណដា បញ្ជាក់ថា ឆ្នាំ​នេះ ដី​ស្រែ​តែ ១០០ ហិកតា​ប៉ុណ្ណោះ ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​បន្ទាយ​មានជ័យ ខេត្ត​កំពង់ធំ និង​ខេត្ត​ពោធិ៍សាត់ បាន​ទទួល​រង​ការ​ខូច​ខាត  ចំណែក​ឆ្នាំ​មុន ខេត្ត​ចំនួន ១៨ នៃ​ខេត្ត​ទាំង ២៤ ក្នុង​ប្រទេស​កម្ពុជា ទទួល​រង​គ្រោះ​ទឹក​ជំនន់។
គួរបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុក្នុងពិភពលោកនាពេលបច្ចុប្បន្ន បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងលើប្រទេសដែលពឹងផ្អែកវិស័យកសិកម្ម កត្តាទាំងនេះទាមទារអោយប្រជាកសិករតាមដានព័ត៌មានទាក់ទងអាកាសធាតុអោយបាន
ញឹកញាប់ដើម្បីងាយស្រួលក្នុងត្រៀមប្រភេទគ្រាប់ពូជដែលធន់ទ្រាំនឹងអាកាសធាតុនិងតំបន់៕

No comments:

Post a Comment