Wednesday, November 28, 2012

កម្ពុជាទទួលបានថវិកា៥លានអឺរ៉ូ ពីអាល្លឺម៉ង់



កម្ពុជាទទួលបានថវិកា៥លានអឺរ៉ូ ពីអាល្លឺម៉ង់

ទឹកប្រាក់៥លានអឺរ៉ូ ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង បានផ្តល់ជូនរាជរដ្ឋាភិ    បាលកម្ពុជា តាមរយៈអនុរដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ​អាល្លឺម៉ង់ក្នុងពិធីចុះហត្ថលេខាជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានៅព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១២។
          ហិរញ្ញប្បទានរបស់អាល្លឺម៉ងនេះគឺជាការផ្តល់បន្ថែមលើហិរញ្ញប្បទានដែលបានឯកភាពគ្នាក្នុងកិច្ចចរចាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសា​ធា​រណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣-១៤ ខែធ្នូឆ្នាំ២០១១នៅទីក្រុង Bonn ដែលភាគីអាល្លឺម៉ង់បានសន្យាបន្តផ្តល់ហិរញ្ញប្បទានក្នុងរង្វង់៣០លានអឺរ៉ូក្នុងមួយឆ្នាំ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានអោយដឹងថា ការចុះហត្ថលេខារវាង ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម Hans-Jurgen Beerfeltz   អនុរដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការអាល្លឺម៉ង់ គឺជាការពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
​សេចក្តីប្រកាសព័ត៌មាននោះបន្តថា ក្រៅពីការពង្រឹងភាពជាដៃគូ អាល្លឺម៉ង់បានព្រមព្រៀងស​ន្យា​ផ្តល់ហិរញ្ញប្បទានបន្ថែម ចំនួន៥លានអឺរ៉ូ ដើម្បីលើកកម្ពស់ផែនការគ្រួសារ និងសុខមាលភាពមាតានិងទារក ។
ភ្ជាប់ក្នុងហិរញ្ញប្បទាននេះដែរ អាល្លឺម៉ង់បានប្រកាសផ្តល់ហិរញ្ញប្បទាន សម្រាប់គាំទ្រសាលាក្តីខ្មែរក្រហមចំនួន១លានអឺរ៉ូ សម្រាប់ឆ្នាំ២០១២-២០១៣ ពោលគឺ ០,៥លានអឺរ៉ូសម្រាប់១ឆ្នាំ។

គួរបញ្ជាក់ថា សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ងគឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីកម្រិតមធ្យមរបស់កម្ពុជាដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការទំហំប្រមាណជា ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការអភិវឌ្ឍន៍គម្រោង /កម្មវិធីនានា ក្នុងនោះមាន វិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាល ការគ្រប់គ្រងដីធ្លី ការងារស្ថិតិ និងអភិបាលកិច្ចដែលក្នុងនោះមានកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ ​និងវិសហមជ្ឈការ៕

No comments:

Post a Comment