ការពិនិត្យករណីប្រាសាទព្រះវិហារ តំរូវឲ្យពោលដល់សន្ធិសញ្ញាទាំងឡាយរវាងបារាំង-សៀមដែលមានតៗមក។
ប្រការសំខាន់មួយដែលត្រូវរំលឹកដល់គឺ
ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣ ប្រទេសកម្ពុជា ជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង
(ក្រោយមកជាអាណានិគម) ក្នុងដែនដីឥណ្ឌូចិនបារាំង ដែលមានហ្គូវែនើ
ហ្សេណេរ៉ាល (Gouverneur General = អគ្គទេសាភិបាល)
អាស្រ័យនៅក្រុងហាណូយជាប្រមុខ ។ តាមរបៀបគ្រប់គ្រងនៃប្រទេសអាណាព្យាបាល
នយោបាយក្រៅប្រទេស នៃប្រទេសកម្ពុជាត្រូវប្រគល់ទៅឲ្យប្រទេសបារាំងចាត់ចែងយោងតាម
សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ។
ដូច្នេះបារាំងមានកាតព្វកិច្ចទាក់ទងជាមួយប្រទេសសៀម
(ប្រទេសថៃសព្វថ្ងៃ) ជាប្រទេសមានព្រំប្រទល់ ដែនជាប់គ្នា នឹងដែនដីឥណ្ឌូចិនរបស់បារាំង
ដែលមានប្រទេសកម្ពុជានៅក្នុងនោះដែរ ។ នៅក្នុងការទាក់ទងនោះ បារាំង-សៀមបានបង្កើតឲ្យមានសន្ធិសញ្ញា,
អនុសញ្ញា, និងកិច្ចព្រមព្រៀងមួយចំនួនតាមច្បាប់អន្តរជាតិ
។
១. សិន្ធិសញ្ញាចុះថ្ងៃទី
១៥ សីហា ១៨៥៦
(សន្ធិសញ្ញាខាងពាណិជ្ជកម្ម
រវាងប្រទេសបារាំងនឹងប្រទេសសៀម) ។
២. សន្ធិសញ្ញាចុះថ្ងៃទី
១៥ កក្កដា ១៨៦៧
ប្រទេសសៀមទទួលស្គាល់អាណាព្យាបាលបារាំងលើប្រទេសកម្ពុជា
។
ប្រទេសបារាំងព្រមប្រគល់ខេត្តទាំងពីរ
គឺបាត់ដំបង នឹងសៀមរាបឲ្យទៅប្រទេសសៀម ។
ខ្លឹមសារសំខាន់នៃសន្ធិសញ្ញារួមមាន៖
មាត្រា
១៖ ព្រះរាជាសៀមទទួលស្គាល់ជាឱឡារិក នូវរបបអាណាព្យាបាលរបស់ព្រះចៅអធិរាជបារាំងលើប្រទេសកម្ពុជា។
មាត្រា
២៖ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខា នៅខែធ្នូ ១៨៦៣ រវាងព្រះរាជាណាចក្រសៀម
និង ព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាសជាមោឃៈដោយរដ្ឋាភិបាលសៀមមិនអាចលើកយកមកសំអាង
នៅពេលអនាគត ក្នុងកាលៈទេសៈណាក៏ដោយ។
មាត្រា
៣៖ ព្រះរាជាសៀមលែងទទួលរាល់សួយសាអាករ
វត្ថុអនុស្សាវរីយ៍ ឬសញ្ញាផ្សេងទៀត នៃភាពជាចំណុះ ពីសំណាក់ប្រទេសកម្ពុជា សម្រាប់ព្រះអង្គ
ឬអ្នកស្នងរាជ្យនានារបស់ព្រះអង្គ។ ចំណែកព្រះចៅអធិរាជបារាំងវិញសន្យាថានឹងមិនដណ្តើមយករាជាណាចក្រនេះ
ទៅបញ្ចូលក្នុងទឹកដីជាកម្មសិទ្ធិរបស់ខ្លួន នៅកូសាំងស៊ីនឡើយ។
មាត្រា
៤៖ ខេត្តបាត់ដំបង (ណាក្លាវ) និងអង្គរ (សៀមរាប)
នឹងស្ថិតនៅក្នុងរាជាណាចក្រសៀម។ ព្រំប្រទល់នៃខេត្តនេះ
និងខេត្តផ្សេងៗទៀតនៅជាប់អាណាខេត្តសៀម ដែលសព្វថ្ងៃនេះមានការទទួលស្គាល់ទៅវិញទៅមកនោះ
នឹងត្រូវកំណត់ដោយបង្គោលព្រំដែន ឬ ដោយសញ្ញាផ្សេងៗទៀត នៅពេលឆាប់ៗ ដោយគណៈកម្មការមួយមានសមាសភាព
នាយទាហានសៀម និងខ្មែរ ដោយមានវត្តមាន និងជំនួយពីនាយទាហានបារាំង ដែលចាត់តាំងដោយទេសាភិបាលកូសាំងស៊ីន។នៅពេលណាដែលមានការកំណត់ព្រំដែន
រួចហើយនោះ ផែនទីជាក់លាក់មួយនឹងត្រូវគូរដោយនាយទាហានបារាំង។
៣. សន្ធិសញ្ញាចុះថ្ងៃទី ៣
តុលា ១៨៩៣
ប្រទេសសៀមឈប់កួចកាន់ប្រាថ្នា
ចង់បានទីដីទាំងអស់ ដែលស្ថិតលើត្រើយខាងឆ្វេង នៃទន្លេមេគង្គ និងលើ
កោះទាំងឡាយនៃទន្លេនោះ ។ ប្រទេសសៀមសន្យាមិនដាក់កងកំលាំងទ័ពអ្វីមួយ
នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ឡើយ ។
៤. អនុសញ្ញាចុះថ្ងៃទី ១៣
កុម្ភៈ ១៩០៤
នេះជាអត្ថបទប្រកបដោយសារៈ
។ អត្ថបទនេះមានវត្ថុបំណងជាអាទិ៍ ដើម្បីបញ្ជាក់នូវបន្ទាត់
ដ៏ត្រឹមត្រូវពិត ប្រាកដនៃព្រំប្រទល់ដែន រវាងប្រទេសសៀម
នឹងប្រទេសកម្ពុជា។ តាមអនុសញ្ញានេះ សៀមត្រូវប្រគល់ខេត្តម្លូព្រៃ និង
ទន្លេរពៅ ដែលស្ថិតនៅត្រើយខាងលិច នៃទន្លេមេគង្គ មកឱ្យកម្ពុជាវិញ
ហើយដែលមានប្រាសាទព្រះវិហារ នៅក្នុងនោះ។
ប្រការទី ១ នៃអនុសញ្ញានេះជាកម្មវត្ថុពិសេស
។
-ប្រការទី ១ ៖ ព្រំប្រទល់ដែន
រវាងប្រទេសសៀម នឹងប្រទេសកម្ពុជា ប្រព្រឹត្តទៅតាមត្រើយខាងឆ្វេង នៃទន្លេ
សាប ពីមាត់ពាមស្ទឹងរលួសទៅ ព្រំប្រទល់ដែននេះប្រព្រឹត្តទៅស្របគ្នានឹងចំណុចខាងលើ
ទៅទិសខាងកើតរហូតដល់ ស្ទឹងព្រែកកំពង់ចាម រួចងាកទៅខាងជើងប៉ះនឹងខ្សែវណ្ឌចំណុចខាងលើឡើង
រហូតដល់ជួរភ្នំដងរែក ។ ពីទីនេះទៅព្រំ ប្រទល់ដែន
ប្រព្រឹត្តតាមបន្ទាត់បែងចែកទឹក រវាងទន្លេ ណាំសេន និងទន្លេមេគង្គមួយផ្នែក
និងទន្លេ ណាំមួនមួយផ្នែក ហើយទៅភ្ជាប់និងជួរភ្នំ ប៉ាដង់ ដែលប្រព្រឹត្តទៅតាមកំពូលភ្នំត្រង់ទៅទិស
ខាងកើតរហូតដល់ទន្លេមេគង្គ ។ នៅខាង
លើទឹកនៃចំណុចនេះទន្លេមេគង្គស្ថិតនៅជាព្រំប្រទល់ដែន នៃព្រះរាជាណាចក្រសៀម
ដោយអនុលោមតាមប្រការទី ១ នៃសន្ធិសញ្ញាចុះថ្ងៃទី ៣ តុលា ១៨៩៣ ។
នៅក្នុងឆ្នាំ១៩០៤ នោះផង ដែរ
សៀមត្រូវប្រគល់ខេត្តត្រាត ដែលជាខេត្តខ្មែរនៅតំបន់ឆ្នេរសមុទ្រ មកឱ្យបារាំងគ្រប់គ្រងវិញ។
ប្រការផ្សេងទៀតនៃសន្ធិសញ្ញាបានចែងថា
នឹងត្រូវកំណត់ព្រំប្រទល់ដែន រវាងដែនដីទាំងឡាយ នៃប្រទេសឥណ្ឌូចិនបារាំង
នឹងព្រះរាជាអាណា ចក្រសៀម ។ គណៈកម្មការចំរុះទាំងឡាយ មាននាយទាហានជាសមាជិក ហើយដែលប្រទេសជាប់កិច្ចសន្យាទាំងពីរជា
អ្នកតែងតាំង ត្រូវរៀបចំកំណត់ព្រំដែននេះ...។
៥. សន្ធិសញ្ញាចុះថ្ងៃទី
២៣ មិនា ១៩០៧
សន្ធិសញ្ញានេះ
(ដែលត្រូវបានចុះហត្ថលេខា នៅទីក្រុងបាងកក) តម្រូវឱ្យសៀមប្រគល់មកឱ្យបារាំង
នូវទឹកដីខេត្តបាត់ដំបង, សៀមរាប និង ស៊ីសុផុន។
បន្ទាប់មក ខេត្តបាត់ដំបង, សៀមរាប និង ស៊ីសុផុន ត្រូវបានថ្វាយមកសម្តេចព្រះស៊ីសុវត្ថិ
តាមអនុក្រឹត្យរបស់អគ្គទេសាភិបាលឥណ្ឌូចិន ចុះថ្ងៃទី ២៣ ធ្នូ ១៩០៧។ព្រំប្រទល់ដែនដ៏ទៀងទាត់
មានសំរេចរួចហើយជាស្រេចក្នុង "ខ" ទាំងឡាយ នៃដែនដ៏ទៀតទាត់
ដែលដាក់ជាប់ជាមួយនឹងសន្ធិសញ្ញា។ ចំណែកប្រទេសបារាំង ក៏បានប្រគល់ឲ្យទៅសៀម
នូវខេត្តដានសាយ និងខេត្តក្រាត(ត្រាត) ព្រមទាំងកោះទាំងអស់
ដែលស្ថិតនៅជាខាងត្បូងជ្រោយឡិមលិង ដោយរាប់ចូលទាំងកោះគុតផង ។
សន្ធិសញ្ញបានចែងថា
ការកំណត់ព្រំដែនជាក់លាក់នៃដែនដីទាំងឡាយ ដែលប្រគល់ឲ្យមកនេះ នឹងត្រូវគណៈកម្មការចំរុះជាអ្នកធ្វើក្នុងរយៈពេល
៤ ខែ តាមការសច្ចាប័ននៃសន្ធិសញ្ញ ។
ពិធីការដែលដាក់ភ្ជាប់មកនឹងសន្ធិសញ្ញា
បញ្ជាក់នូវចំណុចដ៏ធំៗទាំងឡាយ នៃការកំណត់ព្រំប្រទល់ដែន
ដើម្បីឲ្យគណៈកម្មការងាយនឹងធ្វើការនោះ ។
ខ្លឹមសារសំខាន់ៗនៃសន្ធិសញ្ញរួមមាន៖
-មាត្រា ១៖ រដ្ឋាភិបាលសៀមប្រគល់ឱ្យបារាំងនូវទឹកដីបាត់ដំបង
សៀមរាប និងស៊ីសុផុន ដែលព្រំដែនត្រូវកំណត់ដោយ ខទី១
នៃពិធីសារស្តីពីការកំណត់ព្រំដែន ដែលភ្ជាប់មកជាមួយនេះ។
-មាត្រា ២៖ រដ្ឋាភិបាលបារាំងប្រគល់ឱ្យសៀមនូវទឹកដីដានសាយ
និងក្រាត (ត្រាត) ដែលព្រំដែនត្រូវកំណត់ដោយ ខទី១ និងទី២ នៃពិធីសារនេះ
ព្រមទាំងកោះទាំងអស់ដែលស្ថិតនៅខាងត្បូង ជ្រោយឡិមលិង រហូតទៅដល់និងរាប់បញ្ចូលទាំងកោះគុត។
-មាត្រា ៣៖ ការប្រគល់ទឹកដីទាំងនេះនឹងប្រព្រឹត្តទៅទាំងសងខាង
ក្នុងអំឡុងពេល២០ថ្ងៃ ក្រោយពេលសន្ធិសញ្ញានេះនឹងបានទទួលសច្ចាប័ន។
៦.
សន្ធិសញ្ញាខាងមិត្តភាព ខាងពាណិជ្ជកម្ម និងខាងនាវាចរ ចុះថ្ងៃទី ១៤ កុម្ភៈ ១៩២៥
សន្ធិសញ្ញានេះបញ្ជាក់បន្ថែម និង
ធានាចំពោះព្រំប្រទល់ដែន ដែលបានស្ថាបនាហើយពេលមុន រវាងដែនដី
ប្រទេសកម្ពុជា នឹងប្រទេសសៀម ដោយអនុលោមតាមកិច្ចព្រមព្រៀងពីមុនមក
ហើយដែលនៅជាធរមានយ៉ាងត្រឹមត្រូវ នៅឡើយ (ប្រការទី២) ។
ក្នុងសន្ធិសញ្ញានេះ មានចែងសេចក្ដីថា
ការស្មុគស្មាញទាំងឡាយ ដែលមិនអាចដោះស្រាយបាន តាមផ្លូវទូត
ឬតាមកិច្ចព្រមព្រៀង សំរុះសំរួលណាមួយនោះ ត្រូវដាក់ជូនទៅឲ្យអ្នកអាជ្ញាកណ្ដាលម្នាក់
ឬច្រើននាក់ជួយវិនិច្ឆ័យ ឬបើ គ្មានអ្នកអាជ្ញាកណ្ដាលទេ ត្រូវដាក់ទៅជូនទៅសាលាតុលាការអចិន្ត្រៃយ៍អន្តរជាតិ
(ប្រការទី ២)។
ប្រការទី ២៧ នៃសន្ធិសញ្ញាក៏មានចែងសេចក្ដីដូច្នេះទៀតថា
សន្ធិសញ្ញានេះអាចលុបចោលនូវសន្ធិសញ្ញាដទៃ អនុសញ្ញា និងការសំរុះសំរួលទាំងឡាយ
ដែលបានធ្វើរួចហើយ រវាងប្រទេសបារាំង និងប្រទេសសៀម,
វៀរលែងតែ "ខ"
ទាំងឡាយដែលទាក់ទងចំពោះសេចក្ដីសំរេច ហើយនិងការកំណត់ព្រំប្រទល់ដែន
ដែលមាននៅក្នុងសន្ធិសញ្ញាចុះថ្ងៃទី ៣ តុលា ១៨៩៣
ក្នុងអនុសញ្ញាចុះថ្ងៃទី១៣កុម្ភៈ ១៩០៤ និង ចុះថ្ងៃទី២៣មីនា ១៩០៧ ហើយនិងពិធីការរបស់ខ្លួន
ដែលនៅជាប់ជាមួយនោះចេញ ។
៧. អនុសញ្ញាចុះថ្ងៃទី ២៥
សីហា ១៩២៦
អនុសញ្ញានេះ សំរេចការកំណត់ព្រំប្រទល់ដែនខាងទន្លេមេគង្គ
រវាងប្រទេសសៀមនិងប្រទេសឥណ្ឌូចិន ហើយបង្កើតឲ្យមានសហប្រតិបត្តិការមួយ រវាងប្រទេសទាំងពីរខាងមុខក្រុមព្រះនគរបាល
និងខាងសន្តិសុខនៅតាមទន្លេ ។
៨. សន្ធិសញ្ញាមិត្តភាព
ខាងពាណិជ្ជកម្ម និងនាវាចរចុះថ្ងើទី ៧ ធ្នូ ១៩៣៧
សន្ធិសញ្ញានេះបញ្ជាក់បន្ថែមជាថ្មី
លើព្រំប្រទល់ដែនខ្មែរ-សៀម ដែលបានកំណត់ទុករួចហើយពីពេលមុន ព្រមទាំងរក្សាទុកឲ្យនៅជាធរមានយ៉ាងដាច់ខាត
ចំពោះចំណុចនេះនូវអនុញ្ញា ១៩០៤ និងអនុសញ្ញា ១៩០៧ (ប្រការទី ២២) ។
៩. អនុសញ្ញាសន្តិភាពរវាងប្រទេសបារាំង
និងប្រទេស សៀម (ថ្ងៃទី ៩ ឧសភា ១៩៤១)
អនុសញ្ញានេះ បានទទួលការចុះហត្ថលេខានាក្រុងតូក្បូតាមអន្តរាគមន៍
នៃប្រទេសជប៉ុន ដែលបានតំរូវឲ្យមាន យុទ្ធសន្តិភាព
ដើម្បីបញ្ឈប់ការប្រទូស្តរាយ ដែលប្រទេសថៃបានប្រព្រឹត្តិប្រឆាំងនឹងប្រទេសកម្ពុជា
គឺថាប្រឆាំងនឹងប្រ ទេសបារាំងក្នុងខែ វិច្ឆិកា ១៩៤០ ។
តាមអនុសញ្ញានេះ រដ្ឋាភិបាលវីស៊ីរបស់បារាំង
ដោយមានការបង្ខំពីប្រទេសជប៉ុន បានលះបង់ចោល នូវខេត្តខ្មែរភាគខាងលិច
គឺខេត្តបាត់ដំបង ខេត្តកំពង់ធំមួយភាគ ខេត្តស្ទឹងត្រែង និង ខេត្តសៀមរាប ។
ហេតុដូច្នេះអនុសញ្ញានេះ
បានកែប្រែព្រំប្រទល់ដែនរវាងឥណ្ឌូចិន និងប្រទេសថៃ
(ប្រការ ២) ។
១០. កិច្ចព្រមព្រៀងបារាំង
-សៀម ថ្ងៃទី ១៧ វិច្ឆិកា ១៩៤៦ នាទីក្រុង វ៉ាស៊ីនតោន
កិច្ចព្រមព្រៀងនេះបានចាត់ទុកអនុសញ្ញាចុះថ្ងៃ
ទី ៩ ឧសភា ១៩៤១ ជាមោឃៈ ហើយស្ថាបនាជាថ្មីឡើងវិញ
នូវច្បាប់ចាស់ដែលកើតមានមុនអនុសញ្ញានេះ (ប្រការ ២) ។តាមន័យនេះ
តម្រូវឱ្យរក្សាស្ថានភាពព្រំដែន ដូចមុនឆ្នាំ១៩៤១,
ដូច្នេះ ថៃត្រូវប្រគល់ទឹកដីខ្មែរ
ដែលបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦នោះ មកឱ្យខ្មែរវិញ។
ប្រការ ២ នៃកិច្ចព្រមព្រៀងនេះបញ្ជាក់ថា
...ដែនដីឥណ្ឌូចិនជាកម្មវត្ថុនៃអនុសញ្ញានេះ ត្រូវផ្ទេរមកឲ្យរាជការបារាំង
។
កិច្ចព្រមព្រៀងបញ្ជាក់ថា កិច្ចប្រាស្រ័យទាក់ទងខាងការទូតបានត្រូវស្ថាបនាឡើងវិញ
ហើយការទាក់ទងរវាងប្រទេស បារាំង និង ប្រទេសសៀម ក៏ត្រូវមានជាថ្មីឡើងវិញតាមសន្ធិសញ្ញាចុះថ្ងៃទី
៧ ធ្នូ ១៩៣៧ ។
កិច្ចព្រមព្រៀងបានបញ្ជាក់ម្យ៉ាងទៀតថា
ខាងក្រោយការផ្ទេរទឹកដី ដែលគេបានប្រគល់ឲ្យ ក្នុងពេលមុនម្ដងហើយនោះ
មានគណៈកម្មការបង្រួប បង្រួមមួយបានទទួលភារៈពិនិត្យគ្រឿងសំអាង
ខាងជាតិពន្ធុ ខាងភូមិសាស្ត្រ និងខាងសេដ្ឋកិច្ចនៃគូវិវាទ
ដើម្បីរើពិនិត្យជាថ្មី ឬបញ្ជាក់បន្ថែមនូវ
"ខ" ទាំងឡាយនៃសន្ធិសញ្ញាចុះថ្ងៃទី ១ តុលា ១៨៩៣,
នៃអនុសញ្ញាចុះថ្ងៃទី ១៣ កុម្ភៈ ១៩០៤ និងសន្ធិ
សញ្ញាចុះថ្ងៃទី ២៣ មីនា ១៩០៧ ដែលសន្ធិសញ្ញាចុះថ្ងៃទី ៧ ធ្នូ ១៩៣៧ (ប្រការ
៣) បានរក្សាទុកឲ្យនៅជាធរមាន ។ គណៈកម្មការនេះ បានរួមប្រជុំគ្នានៅឆ្នាំ
១៩៤៧ ។ ក្រោយការពិនិត្យបញ្ហាដ៏សព្វគ្រប់ គណៈកម្មការបានសំរេចចិត្តថា
មិនចាំបាច់ពិនិត្យព្រំប្រទល់ដែន ជាថ្មីឡើងវិញឡើយ ។ គណៈកម្មការមាន
ជាពិសេសនូវអ្នកតំណាងខ្មែរ ថៃ និងបារាំង ជាសមាជិក ។
ដូច្នេះ ចាប់ពីឆ្នាំ១៩៤៦
បញ្ហាទឹកដីកម្ពុជានៅភូមិភាគពាយ័ព្យត្រូវបានបញ្ចប់។ ប៉ុន្តែ បញ្ហាប្រាសាទព្រះវិហារនៅតែចោទឡើងជាបន្តមកទៀតដោយសារប្រទេសថៃមិន
អនុវត្តតាមកិច្ចព្រមព្រៀងក្រុងវ៉ាស៊ិងតោន នៅ ឆ្នាំ១៩៤៦។
១១-សាលក្រមតុលាការយុត្តិធ៌មអង្តរជាតិថ្ងៃទី
១៥ មិថុនា ១៩៦២
សវនាការជាចុងក្រោយរបស់តុលាការបានសម្រេចឱ្យ
កម្ពុជាទទួលជ័យជំនះក្នុងរឿងក្តីប្រាសាទព្រះវិហារ។ ដំបូងប្រទេសថៃបានបដិសេធ
ចំពោះសាលក្រមរបស់តុលាការក្រុងឡាអេនេះ ។ ប៉ុន្តែនៅទីបញ្ចប់ គឺនៅ ថ្ងៃទី ២១
មិថុនា ១៩៦២ លោកសេនាប្រមុខ សារិត ថាណារ៉ាត(Sarit
Thanarat)នាយករដ្ឋមន្ត្រីថៃបានថ្លែងថាប្រទេសរបស់លោកលំឱនកាយ
ចំពោះមុខសេចក្តីសំរេចរបស់តុលាការអន្តជាតិ ដើម្បីគោរពកិច្ចសន្យារបស់ខ្លួនចំពោះធម្មនុញ្ញសហប្រជាជាតិ។
១២-អនុស្សរណៈនៃការយោគយល់
រវាងរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃរាជាណាចក្រថៃ
ស្តីពីការអង្កេត និងការកំណត់ព្រំដែនគោក ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០០០
នៅភ្នំពេញ។
អនុស្សរណៈនៃការយោគយល់ចែងថា៖
"អនុស្សរណៈនៃការយោគយល់
ស្តីពីការអង្កេត និងការកំណត់ព្រំដែនគោក ឈានទៅធ្វើការអង្កេត
និងកំណត់ព្រំដែនគោក រវាងប្រទេសទាំងពីរ ហើយនឹងត្រូវធ្វើរួមគ្នា
លើមូលដ្ឋាននៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ និងពិធីសារជាឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងទាំងនេះ
និង ផែនទីរបស់គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម"។