អ្នកកាសែតប្រចាំខេត្តរតនគីរី ៤ នាក់ត្រូវចាប់ខ្លួនពីបទជំរិតទារប្រាក់
អ្នកកាសែត ក្នុងស្រុកប្រចាំខេត្តភូមិភាគឥសានចំនួន៤នាក់
ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ថា ឆរបោក និងជំរិតទារប្រាក់ ក្នុងសំណុំ ក្នុងរឿងឃាដកម្មលើអ្នកលក់ឱសថបុរាណម្នាក់
កាលពីសប្តាហ៍មុន។
លោកអែម
វុន អធិការនគរបាលក្រុងបានលុង បានប្រាប់អ្នកកាសែតថា អ្នកកាសែតជាជនសង្ស័យថា
បានជំរិតទារប្រាក់ទាំង៤នាក់នោះ មានម្នាក់ធ្វើការនៅកាសែតនរគវត្ត ម្នាក់ធ្វើការនៅកាសែតជ័យជម្នះ៧មករា និងម្នាក់ទៀត
ធ្វើការនៅកាសែតជាតិសច្ចៈ។ ពួកគេត្រូវគ្រួសារ មួយប្តឹងទៅសមត្ថកិច្ចថា
បានជំរិតទារប្រាក់ចំនួន២០០ដុល្លារ ដើម្បីជាថ្នូរដោះស្រាយរឿង និង
បិទបាំងព័ត៌មានផងដែរ។ អ្នកកាសែតទាំង៤នាក់នេះ មានឈ្មោះ ១.យ៉ត ទិត្យ អ្នកកាសែតនគរវត្ត ២. ភួង ថុន អ្នកកាសែត
ជ័យជំនះ៧មករា ៣. រចំ ប៉ូលីន អ្នកកាសែតជាតិសច្ចៈ និង ៤ នួនយុទ្ធ អ្នកាសែត
ជាតិសច្ចៈ។
លោកទូច
គង្គារ ចាងហ្វាងការផ្សាយ របស់កាសែតនគរវត្ត មានប្រសាសន៍ថា ការចោទប្រកាន់ថា
បុគ្គលិករបស់លោក បានជំរិត ឬឆរបោកប្រាក់នោះ មិនត្រឹមត្រូវទេ ព្រោះប្រាក់នោះ
ត្រូវបានសាច់ញ្ញាតិ ជនសង្ស័យ ចំនួន៦នាក់យកមកឲ្យបុគ្គលិករបស់លោកដល់ផ្ទះ ជាសាគុណធានាចុះផ្សាយ។
លោកបន្តថា កាលពីថ្ងៃទី១៦ ខែធ្នូ មានឃាដកម្មមួយកើតឡើងនៅបឹងយក្សឡោម
ហើយជនសង្ស័យចំនួន៦នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ ក្រោយពីសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ
សាច់ញ្ញាតិ នៃជនសង្ស័យទាំងអស់បានមកពឹងពាក់អ្នកកាសែតខាង លើឲ្យជួយសរសេរអត្ថបទចុះផ្សាយ
ដើម្បីសម្រាលកំហុស ដោយសន្យាថា នឹងផ្តល់សាគុណ ដល់ពួកគេចំនួន៨០ម៉ឺនរៀល ស្មើ២០០ដុល្លារ។
លោកបញ្ជាក់ថា
ក្រោយពីព្រមព្រៀងគ្នា សាច់ញ្ញាតិ នៃជនសង្ស័យ បានយកប្រាក់ចំនួន៨០ ម៉ឺនរៀល
មកឲ្យបុគ្គលិករបស់លោកដល់ផ្ទះ មុនពេលដែលអត្ថបទនេះ មិនទាន់ត្រូវបានចុះ ផ្សាយ។
ប៉ុន្តែក្រោយពេលសារព័ត៌មានចុះផ្សាយរួច ជនសង្ស័យ មិនត្រូវបានដោះលែង និង សម្រាលទោស
សាច់ញ្ញាតិជនសង្ស័យទាំងនេះ បែរជាប្តឹងសមត្ថកិច្ចថា អ្នកកាសែតទាំងនេះ ឆរបោក
និងជំរិតទារប្រាក់ទៅវិញ។ ដូច្នេះ ការចោទប្រកាន់នេះ លោកមិនអាចទទួលយកបានទេ។
លោកប៉ែន
សមិទ្ធិ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ហង្សមាសHDTV ថា ក្លិបរបស់លោកកំពុងពិនិត្យ
និងតាមដានជុំវិញព្រឹត្តិការណ៍ចាប់ខ្លួនអ្នក
កាសែត ទាំងបីនាក់នេះ។ លោកបន្តថា លោកកំពុងពិនិត្យមើលថា
តើពួកគេត្រូវបានចាប់ខ្លួន ដោយសារវិជ្ជាជីវៈ ឬដោយកំហុសនៃប្រការណាមួយផ្សេងទៀត។
លោកបញ្ជាក់ថា
ទោះបីជាអ្នកកាសែតទាំង៤នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីណាមួយក៏ដោយ ក៏ក្លឹបរបស់លោក
នឹងរកមធ្យោបាយ ដើម្បីអន្តរគមន៍ជួយពួកគេដែរ ប្រសិនបើ ប្រធាន អង្គភាពរបស់គេនីមួយៗ ពឹងពាក់មកក្លឹបរបស់លោក។
ឯកឧត្តមខៀវ
កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ឯឧត្តម មិនទាន់ទទួល
បានដំណឹងនេះលម្អិតនៅឡើយទេ ប៉ុន្តែជំហានដំបូង គឺមានសេចក្តីរាយការណ៍មកថា អ្នកកាសែតទាំង៤
ត្រូវបានគរបាលហៅទៅសាកសួរ តាមពាក្យបណ្តឹងពីប្រជាពលរដ្ឋថា បានជំរិតទារប្រាក់ចំនួន៨សែនរៀលពីពួកគេ។
ក្រសួងព័ត៌មាន កំពុងធ្វើការស៊ើបអង្កេតនៅឡើយលើករណីនេះ ថាតើ ការចាប់ខ្លួនអ្នកកាសែតទាំង៤នាក់នេះ
ពាក់ព័ន្ធទៅនឹងបញ្ហាអ្វីខ្លះ?។
ជាមួយគ្នានេះដែរ
កាលពីថ្ងៃទី២៣ ខែធ្នូ អ្នកកាសែតអប្សរា ប្រចាំខេត្តព្រះវិហារ២នាក់ ត្រូវបានតុលា
ការកោះហៅឲ្យចូលទៅបំភ្លឺ ពីករណីជំរិតទារប្រាក់នេះផងដែរ។
គួរំលឹកថា
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ថ្លែងក្នុងវេទិកានិពន្ធនាយកលើកទី9 លោកប៉ែន សមិទ្ធិ
ប្រធានក្លឹបអ្នកសែតកម្ពុជាបានបញ្ជាក់ថា ឆ្នាំ2012នេះ ពាក្យបណ្តឹងទាក់ទងនិងអ្នកសារព័ត៌មានមានតែមួយករណីប៉ុណ្ណោះ
បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ2011 មានការធ្លាក់ចុះចំនួន៥ករណី។
No comments:
Post a Comment